(ឡុងដ៍)៖ សភារបស់ចក្រភពអង់គ្លេស ត្រូវបានរំលាយហើយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ នៅមុនការបោះឆ្នោតសកលនៅខែកក្កដាខាងមុខ ជាមួយ ការរំពឹងថាគណបក្សពលករអាចនឹងឡើងមកកាន់អំណាចសាជាថ្មី បន្ទាប់ពីគណបក្សអភិរក្សនិយមដឹកនាំប្រទេសអស់រយៈពេលជាង១៤ឆ្នាំមកនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៥សប្ដាហ៍ បានចាប់ផ្ដើមជាផ្លូវការ ខណៈអាសនៈសភាទាំង ៦៥០ត្រូវទុកឱ្យនៅទំនេរ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសកំណត់យកថ្ងៃទី៤ ខែកក្កដា ជាថ្ងៃបោះឆ្នោតសកល ក្នុងការប៉ុនប៉ងដែលក្រុមអ្នកវិភាគមើលឃើញថាដើម្បីស្វែងរកការគាំទ្រសម្រាប់ គណបក្សអភិរក្សនិយមរបស់លោកឡើងវិញ ក្នុងពេលដែលគណបក្សរបស់លោកកំពុងដេញតាមពីក្រោយគណបក្សពលករក្នុងការស្ទង់មតិជាច្រើន។

គួរបញ្ជាក់ថា គណបក្សអភិរក្សនិយមបានដឹកនាំចក្រភពអង់គ្លេស អស់រយៈពេលជាង១៤ឆ្នាំហើយ។ តែបច្ចុប្បន្ន មានការរំពឹងថាគណបក្សពលករដឹកនាំដោយ លោក Keir Starmer អាចនឹង ត្រឡប់ទៅកាន់អំណាចជាថ្មី ក្នុងការបោះឆ្នោតនៅសកលនៅខែកក្កដា៕