(វ៉ាស៊ីនតោន)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ប្រហែលជា១០គ្រាប់ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់ទីក្រុង ព្យុងយ៉ាង បានទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថាមីស៊ីលបាលិស្ទីគខាងលើត្រូវបានបាញ់ចេញពីតំបន់ Sunan ស្ថិតនៅក្បែររដ្ឋធានីព្យុងយ៉ាង នៅម៉ោង ៦៖១៤នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ និងបានហោះក្នុងចម្ងាយ ៣៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រខាងកើត។ ចំណែក នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏បាននិយាយដែរថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ ដែលទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ជប៉ុន និងកំពុងប្រមូលព័ត៌មានបន្ថែម។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់ ទីក្រុងព្យុងយ៉ាងបានទទួលបរាជ័យ។ នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសសេចក្ដីថ្លែងការណ៍របស់ប្រមុខ UN លោក Antonio Guterres ដែលនិយាយថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍សាជាថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគគឺជាទង្វើបំពានលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN៕