(អ៊ីស្លង់)៖ ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ បានផ្ទុះឡើងជាលើកទី៥ ចាប់តាំងពីខែធ្នូមក ដោយបានបញ្ចេញកម្អែភ្នំភ្លើងក្តៅដែលមានកម្ពស់រហូតដល់ ៥០ម៉ែត្រឡើងទៅលើអាកាសនៅថ្ងៃពុធនេះ បន្ទាប់ពីការផ្ទុះមុនរយៈពេល៨សប្តាហ៍នៅលើឧបទ្វីប Reykjanes ដដែលនេះបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

អាជ្ញាធរបានព្រមានអំពីហានិភ័យនៃសកម្មភាពភ្នំភ្លើងឡើងវិញ នៅក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋធានី Reykjavik ខណៈដែលការសិក្សាបានបង្ហាញថា ម៉ាក់ម៉ា (សារធាតុរ៉ែរលាយ) បានកកកុញនៅក្រោមដី។

ការផ្ទុះភ្នំភ្លើងនេះបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំង ដល់ប្រទេសដែលមានប្រជាជនជិត ៤០០,០០០នាក់មួយនេះ ខណៈដែលអ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ទុះឡើងវិញអាចបន្តកើតឡើងនៅឧបទ្វីប Reykjanes ជាច្រើនទសវត្សរ៍ ឬសូម្បីតែច្រើនសតវត្សរ៍ទៅមុខទៀត។

ការផ្ទុះនេះគឺជាលើកទី៨ ចាប់តាំងពីឆ្នាំ ២០២១ នៅលើឧបទ្វីបនេះ ដែលជាជម្រករបស់មនុស្សប្រហែល ៣០,០០០នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលនៅស្ងៀមអស់រយៈពេល ៨០០ឆ្នាំបានសកម្មឡើងវិញ។

ការផ្ទុះភ្នំភ្លើងនេះគឺជាលើកទីប្រាំបីហើយចាប់តាំងពីឆ្នាំ ២០២១ នៅលើឧបទ្វីប Reykjanes ដែលជាជម្រករបស់ប្រជាជនប្រហែល ៣០,០០០នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលនៅស្ងៀមអស់រយៈពេល ៨០០ឆ្នាំបានសកម្មឡើងវិញ។

សកម្មភាពភ្នំភ្លើងបែបនេះបានបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់កំដៅ បិទផ្លូវសំខាន់ៗ និងបំផ្លាញផ្ទះជាច្រើននៅក្នុងទីក្រុងនេសាទ Grindavik។ បច្ចុប្បន្ន មានប្រជាជនតិចតួចប៉ុណ្ណោះដែលបានវិលត្រឡប់មកទីក្រុងវិញ បន្ទាប់ពីការជម្លៀសចេញនៅចុងឆ្នាំ ២០២៣។

អាជ្ញាធរការពារជនស៊ីវិលអ៊ីស្លង់ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយបានបញ្ជាឱ្យជម្លៀសចេញពីទីក្រុង Grindavik ម្តងទៀត។ កន្លែងងូតទឹកកម្ដៅ Blue Lagoon ដ៏ល្បី ដែលនៅក្បែរនោះ ត្រូវបានបិទ និងភ្ញៀវរបស់ខ្លួនត្រូវបានជម្លៀសចេញផងដែរ។

គួរបញ្ជាក់ថា ដើម្បីការពារការខូចខាតបន្ថែមទៀត អាជ្ញាធរបានសាងសង់របាំងដើម្បីបង្វែរលំហូរកម្អែភ្នំភ្លើងឱ្យឆ្ងាយពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រថាមពលកម្ដៅ Svartsengi កន្លែងងូតទឹក Blue Lagoon និងទីក្រុង Grindavik៕