(បាសេឡូណា)៖ ប្រទេសអេស្បាញ នៅថ្ងៃពុធនេះបានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ជាមួយគណៈកម្មាធិការរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្លាមសម្រាប់តំបន់ហ្គាហ្សា ក្នុងទីក្រុងម៉ាឌ្រីត ការជួបជុំនេះធ្វើឡើងបន្ទាប់ពីប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវែសទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ដែលត្រូវបានកោតសរសើរដោយមេដឹកនាំប៉ាឡេស្ទីន ប៉ុន្តែត្រូវបានថ្កោលទោសដោយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News។
ក្នុងកិច្ចប្រជុំគេឃើញឥស្សរជនសំខាន់ៗ ដូចជារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdul Rahman Al Thani ក៏ដូចជារដ្ឋមន្ត្រីការបរទេសនៃប្រទេសតួកគី និងហ្ស៊កដានី ដែលសុទ្ធតែជាផ្នែកនៃ គណៈកម្មាធិការរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្លាមសម្រាប់តំបន់ហ្គាហ្សា។
លោក Mustafa បានសម្តែងការដឹងគុណ ក្នុងនាមប្រធានាធិបតី Mahmoud Abbas និងប្រជាជនប៉ាឡេស្ទីន ទៅចំពោះការទទួលស្គាល់របស់ប្រទេសអេស្ប៉ាញ។
គួរបញ្ជាក់ថា ជាមួយនឹងការទទួលដោយប្រទេសអេស្ប៉ាញ និងអៀរឡង់កាលពីពេលថ្មីៗ ឥឡូវនេះមានសមាជិកចំនួន៩ហើយ នៃសហភាពអឺរ៉ុបចំនួន ២៧ ដែលទទួលស្គាល់ជាផ្លូវការចំពោះភាពរដ្ឋប៉ាឡេស្ទីន។
ការទទួលស្គាល់នេះបាននាំឱ្យមានភាពតានតឹងរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល ខណៈដែលប្រទេសអេស្ប៉ាញ និងអៀរឡង់បានអំពាវនាវឱ្យមានចំណាត់ការរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។ ការផ្លាស់ប្តូរការទូត កើតឡើងចំពេលមានការវាយលុកដ៏យូររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ដែលនាំឱ្យភាគីទាំងសងខាងបាត់បង់យ៉ាងធ្ងន់ធ្ងរ។
ចំណែកប្រទេសស្លូវេនី ក៏គ្រោងនឹងសម្រេចចិត្តលើការទទួលស្គាល់ប៉ាឡេស្ទីនផងដែរ ដែលអាចនាំឱ្យមានការបង្កើនការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ភាពជារដ្ឋប៉ាឡេស្ទីន។ វិធានការរបស់អេស្ប៉ាញ អៀរឡង់ និងន័រវេស ត្រូវបានគេមើលឃើញថា ជាជ័យជម្នះផ្នែកការទូតសម្រាប់ប៉ាឡេស្ទីន ហើយអាចមានឥទ្ធិពលលើប្រទេសលោកខាងលិចផ្សេងទៀត៕