(ម៉ានីល)៖ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានអំពាវនាវនៅថ្ងៃពុធនេះ ឱ្យមានបទឈប់បាញ់ និងសកម្មភាពមនុស្សធម៌ដែលគ្មានឧបសគ្គ ចូលក្នុងតំបន់ហ្កាហ្សា ជាទីដែលប្រជាជនជាងមួយលាននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤។
លោកស្រី Kate Forbes ប្រធាន IFRC បានប្រាប់ Reuters ក្នុងបទសម្ភាសមួយនៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន យ៉ាងដូច្នេះថា «យើងពិតជាត្រូវការដំណោះស្រាយនយោបាយ ដែលនឹងអនុញ្ញាតឱ្យមានបទឈប់បាញ់ ដើម្បីនាំយកជំនួយចូលក្នុងតំបន់ហ្កាហ្សា។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ យើងត្រូវតែមានសិទ្ធិចូលដំណើរការ ហើយដើម្បីអាចចូលបាន គឺត្រូវតែមានបទឈប់បាញ់»។ លោកស្រី Forbes បានឱ្យដឹងទៀតថា លោកស្រីបានឃើញនូវស្ថានភាពដ៏លំបាករួចទៅហើយ នៅក្នុងទីក្រុង Rafah អំឡុងពេលចុះទៅដល់ទីនោះ កាលពីខែកុម្ភៈ មុនពេលអ៉ីស្រាអែល បើកប្រតិបត្តិការយោធាលើទីក្រុងភាគខាងត្បូងមួយនេះទៅទៀត។
គួរបញ្ជាក់ថា តំបន់ដែលហែកហួរដោយសង្រ្គាមមួយនេះ កំពុងទទួលរងនូវមហន្តរាយផ្នែកមនុស្សធម៌ជិត ៧ខែ បន្ទាប់ពីអ៉ីស្រាអែល បើកការវាយប្រហារសងសឹក នឹងការវាយឆ្មក់ក្រុមហាម៉ាសលើទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ហាម៉ាស បានបដិសេធ របាយការណ៍ដែលថា មានកិច្ចពិភាក្សាបន្តកាលពីដើមសប្តាហ៍ ហើយភាគីទាំងពីរ បានស្តីបន្ទោសភាគីផ្សេងៗទៀត ចំពោះភាពជាប់គាំងលើកិច្ចចរចានោះ៕