(ញូវដែលី)៖ មន្រ្តីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ព្រមទាំងបង់ក្លាដែស បានឱ្យដឹងនៅថ្ងៃពុធនេះថា ព្យុះស៉ីក្លូនដ៏ខ្លាំងក្លាមួយ ដែលបានបោកបក់លើ ប្រទេសទាំងពីរ បានផ្តាច់ជីវិតមនុស្សគិតមកទល់ពេលនេះ យ៉ាងហោច៦៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

ព្យុះស៉ីក្លូនឈ្មោះ Remal បានវាយប្រហារលើប្រទេសអាស៉ីខាងត្បូងទាំង២ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយក្រៅពីនាំមកជាមួយនូវកម្លាំងខ្យល់​បោក់បក់ដ៏ខ្លាំង វាបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីថែមទៀត។ អាជ្ញាធរគ្រោះមហន្តរាយនិងប៉ូលិស នៅប្រទេសបង់ក្លាដែស បានប្រាប់ឱ្យដឹងថា មនុស្សយ៉ាងហោច ១៧នាក់ បានបាត់បង់ជីវិត ដោយមូលហេតុនៃការស្លាប់ រួមមានដូចជាលង់ទឹក ត្រូវកម្ទេចកម្ទីផ្សេងៗខ្ទាតចំ ដើមឈើសង្កត់ ឬឆក់ខ្សែភ្លើង ដែលដាច់ពីបង្គោលអគ្គិសនី។

ចំណែកនៅខាងប្រទេសឥណ្ឌាវិញ រដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា តួលេខអ្នកស្លាប់ចុងក្រោយបង្អស់ គឺ៤៨នាក់ ហើយ​ភាគច្រើននៃអ្នកស្លាប់ គឺនៅរដ្ឋ Mizoram ភាគឦសាន ដែលមានចំនួន២៨នាក់។ ក្នុងនោះរួមមានទាំង កម្មករ១៤នាក់ ដែលត្រូវបានថ្ម​បាក់សង្កត់លើ នៅកន្លែងជីកគាស់យកថ្មមួយកន្លែង អំឡុងព្យុះភ្លៀង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីនេះ មនុស្ស១០នាក់បានស្លាប់នៅ រដ្ឋ West Bengal និងយ៉ាងហោច១០នាក់ផ្សេងទៀត នៅរដ្ឋ Assam, Nagaland និង Meghalaya។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូនតែងតែវាយប្រហារប្រទេសបង់ក្លាដែស និងឥណ្ឌាជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួននៃព្យុះសាហាវៗ ដែលបោកបក់ចំលើ​តំបន់ឆ្នេរមានមនុស្សរស់នៅ ច្រើនកកកុញទាំងនេះ បានកើនឡើងយ៉ាងគំហុក ដោយក្រុមអ្នកវិទ្យាសាស្រ្តមើលឃើញថា ត្រូវបានជំរុញដោយ​កត្តានៃការប្រែប្រួលអាកាសធាតុ។ ទោះជាបែបនេះក្តី ការព្យាករប្រសើរជាងមុន បូករួមជាមួយការរៀបចំផែនការជម្លៀសមនុស្ស កាន់តែប្រកបដោយប្រសិទ្ធភាព បានចូលរួមចំណែកកាត់បន្ថយជាខ្លាំង នូវតួលេខអ្នកស្លាប់ ធៀបនឹងពេលមុនៗ៕