(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា រដ្ឋមន្រ្តី លោក Antony Blinken បានពិភាក្សាអំពីតម្រូវការបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ជាមួយអគ្គមេបញ្ជាការកងទ័ព​ស៊ូដង់ លោក Abdel Fattah al-Burhan ក្នុងជំនួបមួយតាមទូរស័ព្ទ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤។

ភាគីទាំងពីរ ក៏បានជជែកផងដែរអំពីមធ្យោបាយ ដើម្បីអាចឱ្យមានសកម្មភាពផ្តល់ជំនួយមនុស្សធម៌ ដោយគ្មានការរារាំង ក្នុងនោះ រួមទាំងការឆ្លងកាត់ព្រំដែន និងខ្សែបន្ទាត់សមរភូមិ ក្នុងបំណងសម្រាលទុក្ខវេទនារបស់ប្រជាជនស៊ូដង់។ លោក Blinken បានពិភាក្សា អំពីការបន្តកិច្ចចរចាសន្តិភាពជាមួយ លោក Burhan និងតម្រូវការដើម្បីការពារជនស៉ីវិល ក៏ដូចជាការលុបបំបាត់ជម្លោះនៅ ទីក្រុង al-Fashir ភាគខាងជើងតំបន់ Darfur។

គួរបញ្ជាក់ថា ស៊ូដង់ បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដោយសង្រ្គាមស៉ីវិលរវាងកងទ័ពស៊ូដង់ ដឹកនាំដោយ លោក Burhan និងកងកម្លាំងទាហានប៉ារ៉ា (RSF) លោក Mohamed Hamdan Dagalo ខណៈដែលបើតាមការប៉ាន់ស្មាន គឺបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។ ការវាយប្រហារនាពេលថ្មីៗ នៅជុំវិញទីក្រុង al-Fashir បានធ្វើឱ្យប្រេះឆាបទឈប់បាញ់ក្នុងតំបន់ ដែលបានទប់ស្កាត់ មិនឱ្យសង្គ្រាមរាលដាលកាន់ធំ៕