(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្ស២នាក់កំពុងបាត់ខ្លួន និង៧នាក់ទៀតបានរងរបួស នៅពេលហេតុការណ៍ផ្ទុះឧស្ម័នដ៏ខ្លាំងមួយ បានបង្កការខូចខាតយ៉ាងដំណំ ចំពោះអគារមួយកន្លែង ស្ថិតក្រុងទីក្រុង Youngstown នៃរដ្ឋ Ohio។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

ហេតុការណ៍ផ្ទុះខាងលើ ដែលបង្កដោយការលេចធ្លាយឧស្ម័នធម្មជាតិ បានកើតឡើង នៅវេលាម៉ោង២៖៤៥នាទីរសៀល កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) នៅឯអគារ Realty Tower ដែលមានផ្ទុកធនាគារ Chase Bank នៅជាន់ផ្ទាល់ដី និងមាន​អាផាតមិន នៅតាមជាន់លើៗ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានជម្លៀសមនុស្សមួយចំនួន ចេញពីអគារកើតហេតុ ខណៈបុរសនិងស្រ្តី​សរុប២នាក់ បានបាត់ខ្លួន ក្នុងនោះម្នាក់ ជាបុគ្គលិកធនាគារ Chase។

គួរបញ្ជាក់ថា ការផ្ទុះនោះ បានបង្កការខូចខាតធ្ងន់ចំពោះជាន់ផ្ទាល់ដីនៃអគារ ជាហេតុនាំឱ្យពុំមានភ្នាក់ងារពន្លត់អគ្គីភ័យណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យ​ធ្វើប្រតិបត្តិការរុករកនៅក្នុងអគារឡើយ ដោយសារស្ថានភាពរឹងមាំនៃគ្រោងអគារ ស្ថិតក្រោមមន្ទិលសង្ស័យ។ ចំណែក មនុស្សដែលរងរបួសទាំង៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕