(ឡុងដ៍)៖ នៅថ្ងៃពុធនេះ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានឱ្យដឹងថា ការប្រហារជីវិតអ្នកទោស នៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួនខ្ពស់បំផុត បើគិតក្នុងរយៈពេលជិតមួយទសវត្សរ៍ កាលពីឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។
អង្គការ NGO ដែលមានទីស្នាក់ការកណ្តាល នៅចក្រភពអង់គ្លេសមួយនេះ បាននិយាយថា ការប្រហារជីវិតដែលគេដឹងចំនួន១,១៥៣នាក់ ធ្វើឡើងកាលពីឆ្នាំទៅមិញ គឺជាតួលេខដ៏ខ្ពស់បំផុត ដែលត្រូវបានកត់ត្រាដោយ Amnesty International គិតចាប់តាំងតែពីឆ្នាំ២០១៥មក ហើយជាកំណើនក្នុងអត្រាប្រមាណជាង៣០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២។ យ៉ាងណាមិញ មានប្រទេសតែ១៦ប៉ុណ្ណោះ ដែលបានអនុវត្តការប្រហារជិវិតអ្នកទោស ខណៈវាគឺជាចំនួនទាបបំផុត នៅក្នុងកំណត់ត្រា។
គួរបញ្ជាក់ថា ក្រុមប្រទេសដែលបានប្រហាជីវិតអ្នកទោសច្រើនជាងគេ កាលពីឆ្នាំ២០២៣ រួមមានដូចជាអ៉ីរ៉ង់ ចិន អារ៉ាប៊សាអូឌីត សូម៉ាលី និងសហរដ្ឋអាមេរិក។ បើតាមអង្គការ Amnesty International តួលេខខាងលើនេះ មិនរាប់បញ្ចូល ការប្រហារជីវិតផ្សេងទៀត មិនត្រូវបានប្រកាសឱ្យដឹងជាសាធារណៈ ដែលគេជឿថា អាចកើតមាននៅក្នុងប្រទេសចិន កូរ៉េខាងជើង និងវៀតណាម ជាដើម នោះឡើយ៕