(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ចិនបានប្រកាសប្តេជ្ញាថា ការដាក់សម្ពាធយោធាលើតៃវ៉ាន់នឹងនៅតែបន្ត ដរាបណាចលនាបង្កហេតុរឿង​ឯករាជ្យនៅតែបន្ត លើដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

ការិយាល័យកិច្ចការតៃវ៉ាន់ ហៅកាត់ TAO របស់ទីក្រុងប៉េកាំង បាននិយាយថា ការធ្វើសមយុទ្ធយោធាបន្តបន្ទាប់ទៀត អាចនឹងត្រូវធ្វើឡើង ក្រោយសមយុទ្ធ Joint Sword-2024A កាលពីសប្តាហ៍មុន។ លោកស្រី Zhu Fenglian អ្នកនាំពាក្យ TAO បាននិយាយដូច្នេះថា «ដរាបណា ចលនាបង្កហេតុចង់ឱ្យបានឯករាជ្យ សម្រាប់តៃវ៉ាន់នៅតែបន្ត នោះសកម្មភាពរបស់យោធាចិន ដែលសំដៅការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏នឹងនៅតែបន្តដូចគ្នាដែរ។ សកម្មភាពបង្កហេតុ កាន់តែខ្លាំង នោះចំណាត់ការឆ្លើយតប នឹងកាន់តែរឹងមាំ»

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ ចិនបានធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ នៅជុំវិញតៃវ៉ាន់ ដែលអំឡុងពេលនោះ គេបានមើលឃើញ នាវាចម្បាំង និងយន្តហោះយោធាចិន បំពាក់ទៅដោយគ្រាប់ពិតៗ ហ្វឹកហាត់ឡោមព័ទ្ធ ក៏ដូចជាដណ្តើមយក ដែនកោះនេះ។ សមយុទ្ធនោះ បានប្រព្រឹត្តទៅ នៅរយៈពេល៣ថ្ងៃ បន្ទាប់មេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te បានស្បថចូលកាន់តំណែងជាផ្លូវការ ហើយបានថ្លែង​សុន្ទរកថាមួយ ដែលចិនថ្កោលទោសថាជា ចម្លើយសារភាព នៃមហិច្ឆតាចង់បាន​ឯករាជ្យសម្រាប់តៃវ៉ាន់។ តៃវ៉ាន់ត្រូវចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំង មិនដែលបោះបង់ចោល ជម្រើសប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់ នាថ្ងៃណាមួយឡើយ៕