(ការ៉ាកាស)៖ ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនៃប្រទេសវ៉េណេស៊ុយអេឡា លោក Elvis Amoroso បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាវ៉េណេស៊ុយអេឡា សម្រេចលុបចោលការអញ្ជើញ ក្រុមអ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុប មកចូលរួមការបោះឆ្នោតប្រធានាធិបតីនៅខែកក្កដា ខាងមុខ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

កាលពីដើមខែនេះ សហភាពអឺរ៉ុប (EU) បានដកទណ្ឌកម្មបុគ្គលដែលដាក់លើរូបលោក Amoroso ចេញជាបណ្តោះអាសន្នសិន ជាចំណាត់ការមួយដែលលោក Amoroso ថាទណ្ឌកម្មលើវេណេស៊ុអេឡា គួរតែត្រូវបានដកចេញទាំងអស់។ ក្រោយមក រដ្ឋាភិបាល បានអនុម័តវិធានការមួយដើម្បីសុំឱ្យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) លុបចោលការអញ្ជើញអ្នកសង្កេតការណ៍បោះឆ្នោត EU។ លោក Amoroso បានគូសបញ្ជាក់ថា «ពួកគេមិនសមនឹងមកប្រទេសរបស់យើងទេ ខណៈដែលពួកគេបន្ត ការដាក់ទណ្ឌកម្ម។ ទណ្ឌកម្ម EU គឺជាអាណានិគមនិយម និងការបង្ខិតបង្ខំ ដោយឯកតោភាគី និងអំពើប្រល័យពូជសាសន៍»

គួរបញ្ជាក់ថា ការិយាល័យ EU នៅទីក្រុងការ៉ាកាស បានចេញសេចក្តីថ្លែងការណ៍ដោយសម្តែងការសោកស្តាយ ជុំវិញការសម្រេចរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ហើយអំពាវនាវឱ្យវេណេស៊ុយអេឡា គិតគូឡើងវិញថាការបោះឆ្នោត គួរតែប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងគាំទ្រដោយការសង្កេតអន្តរជាតិ៕