(សេអ៊ូល)៖ ប្រធានាធិបតីរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan បានទៅដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាគំនិតផ្តួចផ្តើមថាមពល គឺស្ថិតក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី Yoon Suk Yeol នាថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម និងលោក Yoon គ្រោងពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​ឱ្យ​ស៉ីជម្រៅ​នូវ «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រជា​ពិសេស​»។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Sheikh Mohammed នៅកូរ៉េខាងត្បូងនាពេលនេះ គឺជាការឆ្លើយតបទៅនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Yoon ទៅកាន់ទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) កាលពីដើមឆ្នាំមុន នៅពេលដែលអេមីរ៉ាតអារ៉ាប់រួម សន្យាផ្តល់ថវិកាចំនួន ៣០ពាន់លានដុល្លារសម្រាប់ ការវិនិយោគក្នុងធុរកិច្ចកូរ៉េខាងត្បូង លើវិស័យថាមពលនុយក្លេអ៊ែរ ការការពារ អ៉ីដ្រូសែន និងថាមពលពន្លឺព្រះអាទិត្យ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង មានទំនាក់ទំនងជិតស្និទ្ធផ្នែកអាជីវកម្មជាមួយអេមីរ៉ាតអារ៉ាប់រួម ជាងមួយទស្សវត្សរ៍រួមហើយ និងឈ្នះការដេញថ្លៃដើម្បីសាងសង់ម៉ាស៉ីន រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សមួយនេះ។ កាលពីឆ្នាំ២០១៧ កូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងការពារជាតិធំជាច្រើន ក្រោមផែនការដើម្បី ធ្វើឱ្យកូរ៉េខាងត្បូង ក្លាយជាអ្នកនាំចេញអាវុធធំលំដាប់ទី៤ទូទាំងពិភពលោកនៅឆ្នាំ២០២៧។ នៅដើមឆ្នាំនេះ កូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងជាមួយ អារ៉ាប៊ីសាអូឌីត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយនិងទស្សនវិស័យបង្កើនការលក់អាវុធក្នុងតំបន់ ព្រមទាំងកិច្ចព្រមព្រៀងជាមួយប៉ូឡូញ ផងដែរ៕