(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបង្ហាញខ្លួនចំពោះមុខសវនាការ ជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុង ការអត្ថាធិប្បាយមួយដែលលោកបានធ្វើឡើងកាលពីជិត១០ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យអគ្គរដ្ឋអាជ្ញាថៃ លោក Prayuth Pecharakun បាននិយាយនៅថ្ងៃពុធ ទី២៩ ខែឧសភានេះថាលោក Thaksin នឹងត្រូវបានកោះហៅឱ្យបង្ហាញខ្លួនចំពោះមុខ តុលាការនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យអគ្គរដ្ឋអាជ្ញាថៃរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «អគ្គរដ្ឋអាជ្ញាបានសម្រេចចិត្តថានឹងចោទប្រកាន់លោក Thaksin ពីបទប្រមាថព្រះមហាក្សត្រ»។ លោក Prayuth បន្តថាខាងអគ្គរដ្ឋអាជ្ញា មិនអាចនាំខ្លួនលោក Thaksin ឡើងតុលាការបាននៅថ្ងៃនេះទេ ដោយសារតែមេធាវីរបស់លោក Thaksin អះអាងថាអតីតនាយករដ្ឋមន្ត្រីថៃរូបនេះឆ្លងជំងឺកូវីដ។

មេធាវីរបស់លោក Thaksin គឺលោក Winyat Chatmontree បាននិយាយថាលោក Thaksin តតាំងនឹងការចោទប្រកាន់ និងត្រៀមខ្លួនជាស្រេចដើម្បីបញ្ជាក់ថា រូបលោកមិនមានទោសពៃអ្វីទាំងអស់។

គួរបញ្ជាក់ថា ការចោទប្រកាន់ថាលោក Thaksin បានប្រមាថព្រះមហាក្សត្រ គឺមានជាប់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយមួយដែលលោកបានធ្វើឡើងកាលពីឆ្នាំ២០១៥ ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។ លោក Thaksin មានអាយុ៧៤ឆ្នាំ បានវិលត្រឡប់ចូលស្រុកថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ និងត្រូវបាន ឃុំខ្លួនពីបទរំលោភ អំណាច និងពុករលួយដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តក្នុងពេលកាន់អំណាច។ តែព្រះមហាក្សត្រថៃបានបន្ធូរបន្ថយទោសជាប់ពន្ធនាគារ របស់លោក Thaksin ពី៨ឆ្នាំ មកនៅសល់មួយឆ្នាំវិញ ហើយរូបលោកត្រូវបានដោះលែងមុនកាលកំណត់កាលពីដើមឆ្នាំ២០២៤នេះ៕