(វ៉ាស៊ីនតោន)៖ កំពងផែនៅលើឆ្នេរនៃតំបន់ហ្កាហ្សាដែលសហរដ្ឋអាមេរិកបានសាងសង់ ត្រូវបានដកចេញជាបណ្ដោះអាសន្ន ក្រោយផ្នែកខ្លះនៃកំពង់ផែនេះបានបាក់ ជា២ ជាហេតុធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តផ្អាកការផ្ដល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាតាមសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

កំពងផែបណ្ដោះអាសន្នខាងលើត្រូវបានប្រកាសសាងសង់ដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីខែមីនា ជាមួយការសាងសង់ស្ពានបណ្ដែតទឹកនៅលើ ឆ្នេរតំបន់ហ្កាហ្សា។ សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ៣២០លានដុល្លារសម្រាប់ការសាងសង់កំពង់ផែនេះរយៈពេល៩០ថ្ងៃដំបូង និងមានការចូលរួមពី យោធាអាមេរិក១០០០នាក់ ហើយត្រូវបានដាក់ឱ្យដំណើរការកាលពីជាង២សប្ដាហ៍មុន។

តាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh ផ្នែកខ្លះនៃកំពង់ផែបានបាក់ជា២ ដូច្នេះកំពង់ផែបណ្ដែតបណ្ដោះអាសន្ននេះនឹងត្រូវបញ្ជូនទៅកាន់កំពង់ផែ Ashdod ក្នុងប្រទេសអ៉ីស្រាអែល សម្រាប់ការជួសជុល។ លោកស្រី Singh កំពង់ផែបណ្ដោះអាសន្ននេះនឹងត្រូវចំណាយពេលរយៈពេល១សប្ដាហ៍ ដើម្បីជួសជុលសិន ទើបបញ្ជូនទៅកំពង់ផែលើឆ្នេរតំបន់ហ្កាហ្សាវិញ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាអាកាសធាតុអាក្រក់គឺជាមូលហេតុ ធ្វើឱ្យផ្នែកខ្លះនៃកំពង់ផែខាងលើបានបាក់។ ដោយឡែក បើតាមអ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UN) មានរថយន្ដដឹកជំនួយ ១៣៧គ្រឿង បានឆ្លងកាត់តាមកំពង់ផែបណ្ដោះអាសន្ន ដើម្បីបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕