(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃអង្គារទី ២៨ ឧសភានេះ បានជំរុញឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពដែលគ្រោងធ្វើនៅប្រទេសស្វីសនាខែមិថុនាខាងមុខនេះ ខណៈដែលលោកបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថាបានព្យាយាមបង្អាក់កិច្ចជួបជុំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអំពាវនាវរបស់ លោក Zelensky បានកើតឡើង បន្ទាប់ពីលោកទទួលបានការប្តេជ្ញាចិត្តពីប្រទេសបែលហ្ស៊ិក ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ចំនួន ៣០គ្រឿងនៅត្រឹមឆ្នាំ ២០២៨ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ដើម្បីប្រមូលផ្តុំការគាំទ្ររបស់លោកខាងលិច។

អ៊ុយក្រែនកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីឱ្យប្រទេសជាច្រើនចូលរួមសន្និសីទសន្តិភាពនៅខែក្រោយ ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ផែនការរបស់ខ្លួន ក្នុងការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះអាចនឹងបាត់បង់ឥទ្ធិពលរបស់វា ប្រសិនបើប្រធានាធិបតី Biden ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែន មិនចូលរួម ខណៈដែលលោកកំពុងមមាញឹកជាមួយយុទ្ធនាការប្រឆាំងនឹង លោក Donald Trump ហើយមិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួន។

លោក Zelenskyy បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo ថា ប្រសិនបើលោក Biden មិនមក វានឹងដូចជាផ្តល់ឱ្យនូវការសាទរដ៏រីករាយដល់ លោក ពូទីន។ លោកបានអះអាងថា លោក ពូទីន «ភ័យខ្លាចយ៉ាងខ្លាំង» ចំពោះកិច្ចប្រជុំកំពូលសន្តិភាព ហើយកំពុងព្យាយាមបំផ្លាញព្រឹត្តិការណ៍នេះ ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា។

ទោះជាយ៉ាងណា ទីក្រុងម៉ូស្គូបានច្រានចោលកិច្ចប្រជុំកំពូលសន្តិភាព ដែលគ្រោងធ្វើដោយគ្មានរុស្ស៊ីនេះ ដោយពណ៌នាថា «វាគួរឱ្យអស់សំណើច»។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «តាមទស្សនៈរបស់យើង សន្និសិទនេះគឺអស់សង្ឃឹមទាំងស្រុង សម្រាប់ការស្វែងរកដំណោះស្រាយណាមួយចំពោះជម្លោះនៅអ៊ុយក្រែន»