(ប៉េកាំង)៖ ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅថ្ងៃអង្គារ ទី២៨ឧសភានេះ ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែលនៅទីក្រុង Rafah បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់នៅជំរុំជនភៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានថ្លែងថា «ចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងក្រុង Rafah» ចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារេនះ (ម៉ោងក្នុតំបន់) ដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងទីក្រុងព្រំដែនហ្គាហ្សាភាគខាងត្បូង។
ការវាយប្រហាររបស់អ៊ីស្រាអែល ដែលសំដៅទៅលើសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស់ពីររូបកាលពីយប់ថ្ងៃអាទិត្យ បានឆាបឆេះនៅជុំរំជនភៀសខ្លួនមួយ ដោយបានឆក់យកជីវិតមនុស្ស ៤៥នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា។ ឧប្បត្តិហេតុនេះបានទាក់ទាញការថ្កោលទោសជាអន្តរជាតិ ដោយជនជាតិប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ជាច្រើនបានចាត់ទុកវាថាជា «ការសម្លាប់រង្គាល»។ អ៊ីស្រាអែលបានសន្យាថានឹងធ្វើការស៊ើបអង្កេតលើ «ឧបទ្ទវហេតុសោកនាដកម្មនេះ»។
គួរជម្រាបថា ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំមុន ប្រទេសចិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងគាំទ្រដំណោះស្រាយរដ្ឋពីរ។ សង្គ្រាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សជាង ១,១៧០នាក់។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦,០៥០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់៕