(ហ្កាហ្សា)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ ហៅកាត់ UNRWA បានឱ្យដឹងនាថ្ងៃអង្គារនេះថា មនុស្សប្រហែល១លាននាក់ហើយ បាននាំគ្នារត់ភៀសខ្លួនចេញពីទីក្រុង Rafah នៃតំបន់ Gaza Strip ក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។
Rafah ដែលជាទីក្រុងមួយ នៅចុងភាគខាងត្បូងនៃតំបន់ Gaza មកទល់ពេលឥឡូវ បានផ្តល់ជាកន្លែងជ្រកកោនសម្រាប់ជនជាតិប៉ាឡេស្ទីន ប្រមាណជាង១លាននាក់ ដែលបានរត់គេចពីការវាយលុករបស់អ៉ីស្រាអែល នៅផ្នែកដទៃទៀតនៃដែនដីមួយនេះ។ យ៉ាងណាក្តី តាំងពីដើមខែឧសភា យោធាអ៉ីស្រាអែលបានបន្តធ្វើប្រតិបត្តិការ ដែលខ្លួនអះអាងថា មានដែនកំណត់ នៅទីក្រុង Rafah ក្រោមគោលដៅ កម្ចាត់អ្នកប្រយុទ្ធក៏ដូចជាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់ដោយក្រុមហាម៉ាស ដែលជាអាជ្ញាធរគ្រប់គ្រងតំបន់ Gaza។ យោធាអ៉ីស្រាអែល បានណែនាំជនស៉ីវិលប៉ាឡេស្ទីន ភៀសខ្លួនទៅកាន់តំបន់មនុស្សធម៌មួយ ដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីក្រុង Rafah។
ប្រជាជនប៉ាឡេស្ទីនជាច្រើន បានត្អូញត្អែរថា ពួកគេនៅតែប្រឈមហានិភ័យខ្ពស់ ក្នុងសកម្មភាពវាយលុកររបស់អ៉ីស្រាអែល ទោះបីជាខំទៅដល់ទីណាក៏ដោយ ហើយអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ពួកគេបានផ្លាស់ទីចុះឡើងៗ នៅក្នុងតំបន់ Gaza Strip ក្រោមក្តីសង្ឃឹមថា នឹងអាចគេចផុតពីការវាយប្រហារ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ អ៉ីស្រាអែលបានបន្តវាយលុកមកលើទីក្រុង Rafah តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ពីរថក្រោះ ទោះខ្លួនទើបទទួលរងការថ្កោលទោសជាថ្មីពីអន្តរជាតិក៏ដោយ ជុំវិញការវាយប្រហារដ៏ប្រល័យមួយ កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ដែលបានបង្កជា គ្រោះអគ្គិភ័យនៅជំរំតង់ជនភៀសខ្លួនប៉ាឡេស្ទីន ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤៥នាក់ និងបង្កឱ្យរបួសជាច្រើននាក់ ខណៈអ្នកស្លាប់និងរបួស ភាគច្រើនជាស្រ្តីនិងកុមារ។ បើតាមអាជ្ញាធរតំបន់ Gaza ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ១៦នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល កាលពីចន្លោះយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារនេះ៕