(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te បានសម្តែងការអរគុណចំពោះក្រុមពីឡុតតៃវ៉ាន់ ដែលបានបំពេញប្រតិបត្តិការហោះហើរល្បាតដែនអាកាស យ៉ាងស្វាហាប់ កាលពីសប្តាហ៍កន្លងទៅ អំឡុងពេលចិនធ្វើសមយុទ្ធយោធា ឡោមព័ទ្ធជុំវិញដែនកោះនេះ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចិនបានចាប់ផ្តើមការធ្វើសមយុទ្ធយោធា មានរយៈពេលសរុប២ថ្ងៃ ដែលខ្លួនអះអាងថា មានគោលដៅដើម្បីជាសារព្រមានដ៏ធ្ងន់មួយ ចំពោះលោក Lai ដែលបានស្បថចូលកាន់តំណែង នាដើមសប្តាហ៍ដដែលនោះ។ ក្នុងឱកាសធ្វើទស្សនកិច្ចទៅកាន់ មូលដ្ឋានទ័ពអាកាស Hualien នៅបណ្តោយឆ្នេរភាគខាងកើត ដែលជាកន្លែងឈរជើង នៃយន្តហោះចម្បាំងទំនើបបំផុតរបស់តៃវ៉ាន់គឺ F-16V លោក Lai បានទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយនឹងក្រុមពីឡុតតៃវ៉ាន់ ដែលបានបំពេញប្រតិបត្តិការហោះល្បាតដែនអាកាស អំឡុងសមយុទ្ធយោធារបស់ចិន។
លោក Lai បាននិយាយដូច្នេះថា «ខ្ញុំសូមអរគុណចំពោះអ្នកទាំងអស់គ្នា ដែលនៅប្រចាំការជាប់ ដើម្បីការពារសន្តិសុខជាតិរបស់យើង។ ប៉ុន្មានថ្ងៃមុននេះ ក្នុងការឆ្លើយតបចំពោះ ការធ្វើសមយុទ្ធយោធារបស់ចិន អ្នករាល់គ្នាពិតជាធ្វើបានល្អ»។ លោក Lai បានឱ្យដឹងថា រូបលោកទទួលបានរបាយការណ៍លម្អិត ស្តីពីសកម្មភាពឆ្លើយតបរបស់ក្រុមពីឡុត ព្រមទាំងសមត្ថភាពនៃកងយន្តហោះចម្បាំងរបស់តៃវ៉ាន់។ លោក Lai បានបន្ថែមថា «អ្នកទាំងអស់គ្នា បានឆ្លាស់វេនគ្នា ប្រចាំការជាប់២៤ម៉ោង ដើម្បីត្រៀមបំពេញបេសកកម្មល្បាតដែនអាកាស។ ជាមួយការតាំងចិត្តរឹងមាំ និងជំនាញប្រយុទ្ធយ៉ាងប៉ិនប្រសប់ អ្នកទាំងអស់គ្នា កំពុងប្រើប្រាស់យ៉ាងពេញលេញ នូវសមត្ថភាពយន្តហោះចម្បាំងរបស់យើង ដើម្បីការពារដែនអាកាសយើង»។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ក្រសួងការបរទេសតៃវ៉ាន់ អំឡុងសមយុទ្ធយោធារបស់ទីក្រុងប៉េកាំង យន្តហោះយោធាចិនសរុបជាង ១១០គ្រឿង និងនាវាយោធារាប់សិបគ្រឿង ត្រូវបានបញ្ជូនមកឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់។ មកទល់ពេលនេះ តៃវ៉ាន់បាននិងកំពុងកែច្នៃ យន្តហោះចម្បាំង F-16A/B ចំនួន១៤១គ្រឿង ឱ្យទៅជាស៊េរី F-16V ដែលមានលក្ខណៈទំនើបជាងមុន ហើយក៏បានបញ្ជាទិញ F-16V ថ្មីសន្លាងតែម្តង ចំនួន៦៦គ្រឿងផងដែរ ដើម្បីបង្កើនសមត្ថភាពទប់ទល់ជាមួយ កងទ័ពអាកាសរបស់ចិន ដែលរួមមានទាំង យន្តហោះចម្បាំងបំបាំងកាយ J-20៕