(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ថ្មីៗនេះ ចិននិងសហរដ្ឋអាមេរិក បានបើកកិច្ចពិគ្រោះពិភាក្សាជាមួយគ្នា ពាក់ព័ន្ធកិច្ចការដែនសមុទ្រ ហើយអំឡុងពេលនោះ ប្រទេសទាំងពីរ បានឯកភាពរក្សាការសន្ទនារវាងគ្នា ដើម្បីគ្រប់គ្រងហានិភ័យផ្សេងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។

ទីក្រុងប៉េកាំងបាននិយាយថា ភាគីទាំង២បានដោះដូរទស្សនៈគ្នា កាលពីថ្ងៃសុក្រសប្តាហ៍មុន ស្តីពីស្ថានការណ៍ដែនសមុទ្រ និងបានយល់ស្រប ក្នុងការរក្សាការទាក់ទង ហើយចៀសវាងការយល់ច្រឡំ ក៏ដូចជាការគណនាខុស។ ក្រសួងការបរទេសចិន បានបន្តទៀតថា ភាគីចិនបានបង្ហាញ ក្តីកង្វល់យ៉ាងជ្រាលជ្រៅ ជុំវិញសកម្មភាពរំលោភបំពាន និងបង្កហេតុនានារបស់សហរដ្ឋអាមេរិក នៅតាមដែនសមុទ្រ ហើយបានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ឈប់ជ្រៀតជ្រែកក្នុងបញ្ហាជម្លោះ រវាងចិននិងប្រទេសជិតខាងចិនតទៅទៀត ឬមួយក៏ប្រើប្រាស់បញ្ហាដែនសមុទ្រ ដើម្បីព្យាយាមគ្រប់គ្រងចិន។

គួរបញ្ជាក់ថា ជាចុងក្រោយ ក្រសួងការបរទេសចិន បានបន្ថែមថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់ នូវការគាំទ្រនិងលើកទឹកចិត្តដល់ ចលនាចង់ស្វែងរកឯករាជ្យឱ្យកោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកត្រឹមជា ខេត្តមួយប៉ុណ្ណោះរបស់ខ្លួន។ កន្លងមក ចិនក៏ធ្លាប់បានទទូចឱ្យអាមេរិក កុំកាន់ជើងភាគីណាមួយ ក្នុងបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូងផងដែរ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន កាលពីខែមីនា ឆ្នាំនេះ បានពង្រីកកិច្ចព្រមព្រៀងសន្តិសុខ ជាមួយហ្វីលីពីន៕