(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប (EU) យល់ព្រមជាគោលការណ៍ ដើម្បីស្តារឡើងវិញនូវបេសកកម្មស៉ីវិលរបស់ខ្លួន ក្នុងទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ប៉ុន្តែត្រូវការការយល់ព្រមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការ ជំរុញដំណើរការទៅមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំប្រចាំខែនៃរដ្ឋមន្រ្តីការបរទេស EU លោក Borrell ក៏បានចោទប្រកាន់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ថាកំពុងប្រើប្រាស់ការអះអាងពីការប្រឆាំងជនជាតិជ្វីហ្វ ដើម្បីប្រឆាំងនឹងការបង្គាប់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រាប់បម្រើដល់នយោបាយ របស់លោក។

លោក Borrell បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំដែលមានការចូលរួមពីរដ្ឋមន្រ្តីអារ៉ាប់ផងនោះ យ៉ាងដូច្នេះថា «ពួកគេបានផ្ដល់ឱ្យខ្ញុំនូវភ្លើងបៃតង ដើម្បីដំណើរការបេសកកម្ម EUBAM ឡើងវិញ នៅក្នុងទីក្រុង Rafah។ បេសកម្មកម្មនេះ អាចដើរតួនាទីដ៏មានប្រយោជន៍សម្រាប់គាំទ្រ ដល់មនុស្សគ្រប់រូប សម្រាប់ការចូលទៅតំបន់ហ្កាហ្សា (ទាំងក្នុង និងក្រៅ)។

ប៉ុន្តែ លោក Borrell បន្ថែមថា «វាត្រូវតែធ្វើឡើងដោយអនុលោមតាមអាជ្ញាធរប៉ាឡេស្ទីន ប្រជាជនអេហ្ស៉ីប និងជាក់ស្តែងគឺពីអ៉ឺស្រាអែលតែម្តង។ យើងនឹងមិន ធ្វើការងារនេះតែឯងទេ។ យើងមិនធ្វើជាអ្នកការពារសន្តិសុខតាមព្រំដែនទេ។ ប្លុកអាចរៀបចំផែនការបច្ចេកទេសសម្រាប់ពេលនេះ»

គួរបញ្ជាក់ថា ច្រកព្រំដែន Rafah គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់ក្នុងនាំយកជំនួយមកពីប្រទេសអេហ្ស៉ីប ហើយត្រូវបានបិទចាប់តាំងពី កងកម្លាំងអ៉ីស្រាអែលដណ្ដើមគ្រប់ គ្រងទីតាំងនោះ ក្នុងរយៈពេលជិត ៣សប្តាហ៍មកនេះ។ ពេលនេះសហភាពអឺរ៉ុប កំពុងពិចារណាស្តារបេសកកម្ម EUBAM ដែលមិនបានដំណើរការឡើយចាប់តាំងពីឆ្នាំ ២០០៧មកនោះឡើងវិញ៕