(ហ្សឺណែវ)៖ ប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោក (WHO) បានសម្រេចកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នឹងមិនអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុង មហាសន្និបាតប្រចាំឆ្នាំ ដែលគ្រោងធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ បន្ទាប់ពីចិនអំពាវកុំឱ្យធ្វើដូច្នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។

តៃវ៉ាន់ ធ្លាប់ចូលរួមក្នុងសន្និបាតសុខភាពពិភពលោក (WHA) របស់ WHO ក្នុងនាមជាអ្នកសង្កេតការណ៍ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមអាណត្តិ ដឹកនាំរបស់ លោក Ma Ying-jeou។ ប៉ុន្តែ ទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងវត្តមានតៃវ៉ាន់នៅឆ្នាំ២០១៧ បន្ទាប់ពីអតីតមេដឹកនាំ លោកស្រី Tsai Ing-wen ឈ្នះការបោះឆ្នោត និងដោយសារតែការបដិសេធរបស់លោកស្រី ចំពោះគោលជំហររបស់ចិនដែលថាទាំងចិន និងតៃវ៉ាន់គឺជាទឹកដី «ចិនតែមួយ»។

លោក Chen Xu អ្នកតំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណេវ បាននិយាយថា មិនមានមូលដ្ឋាននយោបាយណាមួយ សម្រាប់តៃវ៉ាន់ដើម្បីចូលរួមក្នុងសន្និបាតសុខភាពពិភពលោក (WHA) នោះទេ ហើយបានចោទប្រកាន់ក្រុមមន្ត្រីតៃវ៉ាន់ថា មានចេតនាធ្វើនយោបាយលើបញ្ហាសុខភាព។

គួរបញ្ជាក់ថា មុនពេលមានការសម្រេចចិត្តនេះ រដ្ឋមន្ត្រីសុខាភិបាលរបស់កោះតៃវ៉ាន់ លោក Chiu Tai-yuan បាននិយាយថា អវត្តមានតៃវ៉ាន់ពី WHA កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងការពារជំងឺរាតត្បាត ហើយថាការចូលរួមរបស់តៃវ៉ាន់ មិនមានចេតនានយោបាយឡើយ៕