(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី២៨ ខែឧសភានេះបាននិយាយថាបេសកជនពិសេសទទួលបន្ទុកកិច្ចការនុយក្លេអ៊ែររបស់ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការបរទេសកូរ៉េខាងត្បូង ការថ្កោលទោសខាងលើធ្វើឡើង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដោយបេសកជនពិសេសនៃប្រទេសទាំង៣ បានលើកឡើងថាការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងទោះជាបរាជ័យក៏ដោយ ក៏វាគឺជាការរំលោភបំពានដោយផ្ទាល់លើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង និងបានបង្កការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

គួរបញ្ជាក់ថា កូរ៉េខាងជើង ក៏បានសារភាពដែរថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីយកផ្កាយរណបស៊ើបការណ៍ទី២ ទៅដាក់នៅគន្លងផែនដី បានទទួលបរាជ័យ នៅពេលដែលគ្រាប់រ៉ុក្កែតពាំផ្កាយរណបនេះបានផ្ទុះនៅលើអាកាស។ ការទទួលស្គាល់របស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់អាវុធមិនស្គាល់អត្តសញ្ញាណមួយ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អគ្គនាយករងនៃរដ្ឋបាលជាតិបច្ចេកវិទ្យាអវកាសរបស់កូរ៉េខាងជើង បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតពាំផ្កាយរណបថ្មី បានទទួលបរាជ័យ នៅពេលដែលរ៉ុក្កែតនេះផ្ទុះនៅលើអាកាស អំឡុងការផ្ដាច់ខ្លួនដំណាក់កាលទី១»។ សេចក្ដីថ្លែងការណ៍ នេះដែរបានផ្ដល់ការវិភាគជាបឋមថាមូលហេតុដែលបង្កឱ្យការបាញ់បង្ហោះផ្កាយរណបបរាជ័យ គឺបណ្ដាលមកពីម៉ូទ័ររ៉ុក្កែត ដំណើរការដោយឥន្ធនៈរាវថ្មីមួយ ដែលទើបតែត្រូវបានអភិវឌ្ឍឡើង ខណៈមូលហេតុផ្សេងទៀតត្រូវបានស៊ើបអង្កេត។

កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយទទួលបរាជ័យ ២លើក ក្នុងឆ្នាំដដែលនោះ៕