(គែរ)៖ នៅថ្ងៃចន្ទនេះ អេហ្ស៉ីប បានថ្កោលទោសលើអ្វីដែលខ្លួនហៅថាជា «ការទម្លាក់គ្រាប់បែកដោយចេតនា ពីសំណាក់កងកម្លាំងអ៉ីស្រាអែលទៅលើតង់ស្នាក់នៅរបស់ជនភៀសខ្លួន ក្នុងទីក្រុង Rafah ដែលសេវាសង្រ្គោះបន្ទាន់ស៉ីវិល របស់តំបន់ហ្កាហ្សា អះអាងថាបានសម្លាប់មនុស្សកើនឡើងដល់ ៤០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤។

ក្រសួងការបរទេសអេហ្ស៉ីប ក៏បានអំពាវនាវឱ្យអ៉ីស្រាអែល អនុវត្តវិធានការដែលបង្គាប់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាក់ទងនឹងការបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួន លើទីក្រុង Rafah ផងដែរ។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលនិយាយថា កងទ័ពអាកាសរបស់ខ្លួន បានវាយប្រហារលើទីតាំងរបស់ក្រុមហាម៉ាសនៅ Rafah ហើយការវាយប្រហារនោះ ធ្វើឡើងដោយគ្រាប់ដែលអាចកំណត់គោលដៅជាក់ច្បាស់នោះ និងផ្អែកលើការស៉ើបការណ៍ច្បាស់លាស់។ វាបានសម្លាប់ប្រធានសេនាធិការរបស់ហាម៉ាសប្រចាំតំបន់ West Bank និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដែលនៅពីក្រោយការវាយប្រហារ លើជនជាតិអ៉ីស្រាអែល។

អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស លោក Ashraf Al-Qidra បាននិយាយថា ការវាយប្រហារកើតឡើងលើជំរំ Tel Al-Sultan ដែលនៅជាប់ភាគខាងលិចទីក្រុង Rafah ជាទីជម្រករបស់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់នាក់ ហើយអ្នកស្លាប់ និងរបួស ភាគច្រើនជាស្ត្រី និងកុមារ៕