(ប៉េកាំង)៖ កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោកអ្នក នូវកិច្ចសម្ភាសន៍ជាមួយលោក Raffarin អតីតនាយករដ្ឋមន្ត្រីបារាំង ។ លោក Raffarin បានថ្លែងថា ៖ ខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង គឺជាជ័យជម្នះដ៏អស្ចារ្យ សម្រាប់មេដឹកនាំដែលបានបង្កើតទំនាក់ទំនងនេះកាលពី ៦០ ឆ្នាំមុន។ ឧត្តមសេនីយ ដឺហ្គោល និងលោកប្រធាន ម៉ៅ សេទុង បានសង្កេតច្បាស់ពីសភាពការណ៍បច្ចុប្បន្ន និងនិន្នាការប្រែប្រួល ហើយដឹងយ៉ាងច្បាស់ថា ប្រទេសចិននិងបារាំងបានដើរតួនាទី មិនអាចខ្វះបានក្នុងការរក្សាតុល្យភាពពិភពលោក ។ ពួកគាត់បានមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសចិន ហើយបានដឹងពីសារៈសំខាន់ របស់អឺរ៉ុបនិងភាពចាំបាច់ នៃការអភិវឌ្ឍទំនាក់ទំនងសន្តិភាពរវាងចិននិងបារាំង រវាងចិននិងអឺរ៉ុប។

ដូច្នេះហើយ យើងមានការគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះចក្ខុវិស័យរបស់មេដឹកនាំទាំងពីររូបនេះ។ ទាក់ទងនឹងអនាគតនៃទំនាក់ទំនងចិន-បារាំង ខ្ញុំគិតថា កង្វល់ចម្បងគឺសន្តិភាពពិភពលោក។ ប្រសិនបើមានប្រទេសមួយនៅលើពិភពលោក ដែលយកចិត្តទុកដាក់ នឹងសន្តិភាពយ៉ាងប្រាកដប្រជា ប្រទេសនោះគឺជាប្រទេសចិនហើយ។ ប្រទេសចិនមិនដែលបង្កសង្រ្គាមជាមួយប្រទេសដទៃទេ មានតែវាយបកវិញនៅពេលដែលខ្លួនត្រូវបានគេឈ្លានពាន។ ប្រទេសចិននិងប្រជាជនចិនបានបង្ហាញពីការស្រឡាញ់សន្តិភាព ចំណែកឯប្រទេសបារាំងដែលសម្រេចបាន នូវការផ្សះផ្សាជាមួយប្រទេសអាល្លឺម៉ង់ ក៏ស្រឡាញ់សន្តិភាពដែរ។ ដូច្នេះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងបារាំង នាពេលអនាគតគួរតែផ្តោតលើការរក្សាសន្តិភាព និងតុល្យភាពពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន