(ម៉ាឌ្រីដ)៖ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយអេស៉្បាញ El Pais បានរាយការណ៍ថា ទីក្រុងម៉ាឌ្រីដ គ្រោងបញ្ជូនមីស៉ីលសម្រាប់ប្រព័ន្ធ Patriot ហើយនិងរថក្រោះ Leopard ទៅកាន់អ៊ុយក្រែន ក្រោមក្របខណ្ឌនៃកញ្ចប់ជំនួយយោធា ទំហំ១.១៣ពាន់លានអឺរ៉ូ ឬស្មើនឹង១.២៣ពាន់លានដុល្លារអាមេរិក ដែលត្រូវបានប្រកាស កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។
កាសែត El Pais បានអះអាងថា អេស៉្បាញនឹងប្រគល់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ចំនួនជាង១០គ្រាប់ ឱ្យទៅអ៊ុយក្រែន ព្រមទាំងរថក្រោះ Leopard 2A4 ផលិតដោយអាល្លឺម៉ង់ ដែលប្រើប្រាស់ហើយមួយទឹក ចំនួន១៩គ្រឿង រួមជាមួយសព្វាវុធផ្សេងៗទៀត ដែលផលិតដោយអេស៉្បាញផ្ទាល់ រួមមានដូចជា ឧបករណ៍ប្រឆាំងយន្តហោះដ្រូន និងគ្រាប់រំសេវ។ កញ្ចប់ជំនួយយោធា១.២៣ពាន់ដុល្លារ ត្រូវបានអនុម័តដោយរដ្ឋាភិបាលអេស៉្បាញ កាលពីខែមេសាកន្លងទៅ ប៉ុន្តែកាលនោះ មិនមានបញ្ជាក់ថា អាវុធណាខ្លះ ត្រូវបានដាក់បញ្ជូលឡើយ។
គួរបញ្ជាក់ថា យោងតាម El Pais ការប្តេជ្ញាផ្តល់សព្វាវុធថ្មីខាងលើ នឹងត្រូវប្រកាសជាផ្លូវការ អំឡុងដំណើរបំពេញទស្សនកិច្ច របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកកាន់ទីក្រុងម៉ាឌ្រីដ នាថ្ងៃចន្ទនេះ ជាទីដែលរូបលោក នឹងជួបនាយករដ្ឋមន្រ្តីលោក Pedro Sanchez និងស្តេច Felipe របស់អេស៉្បាញ៕