(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃអាទិត្យនេះ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ខណៈដែលអ៊ុយក្រែនកំពុងតស៊ូទប់ទល់នឹងការវាយប្រហារឥតឈប់ឈរពីសំណាក់រុស្ស៊ី ក្នុងការឈ្លានពានជាង ២៧ខែមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

អ៊ុយក្រែនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃបណ្តាប្រទេសមួយចំនួនធំនៅក្នុងកិច្ចចរចាដែលដឹកនាំដោយ ទីក្រុងគៀវក្នុងប្រទេសស្វីសនាខែក្រោយ ក្នុងគោលបំណងបង្រួបបង្រួមមតិជាសាកលអំពីរបៀបបញ្ឈប់សង្រ្គាម និងបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលមិនត្រូវបានអញ្ជើញ។

នៅក្នុងវីដេអូជាភាសាអង់គ្លេសដែលបានត្រូវថត នៅទីក្រុង Kharkiv ភាគឦសាន នៅខាងក្នុងសំណល់អគារ នៃរោងពុម្ពដែលត្រូវបានបំផ្លាញ ដោយការវាយប្រហារដោយមីស៊ីលរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានប្រកាសថា ប្រទេសជាង៨០ នឹងចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ។

លោក Zelenskiy មានប្រសាសន៍ដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់មេដឹកនាំពិភពលោក ទៅកាន់ប្រធានាធិបតី Biden មេដឹកនាំសហរដ្ឋអាមេរិក និងប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំនៃប្រទេសចិន...សូមបង្ហាញភាពជាអ្នកដឹកនាំរបស់អ្នកក្នុងការជំរុញសន្តិភាព ដែលសន្តិភាពពិតប្រាកដ និងមិនមែនគ្រាន់តែជាការផ្អាកការប៉ះទង្គិចគ្នានោះទេ»។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្ថែមថា កិច្ចប្រជុំកំពូល «នឹងបង្ហាញថាអ្នកណានៅលើពិភពលោកនេះ ពិតជាចង់បញ្ចប់សង្រ្គាមមែន»។

គួរជម្រាបថា ការអំពាវនាវរបស់ លោក Zelensky នេះវាបានបង្ហាញពីភាពមិនប្រាកដប្រជាថា តើលោក Biden នឹងចូលរួមដែរឬទេ ខណៈប្រទេសចិនក៏មិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួនដែរ។ នៅក្នុងផែនការសន្តិភាពរបស់ខ្លួន ទីក្រុងគៀវអំពាវនាវឱ្យមានការដកកងកម្លាំងរុស្ស៊ីទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាអ្វីដែលទីក្រុងម៉ូស្គូចាត់ទុកថា មិនអាចអនុវត្តបានទេ។

ប្រភព​រុស្ស៊ី​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា លោក ពូទីន ត្រៀម​ខ្លួន​ចរចា​បទ​ឈប់​បាញ់​ដោយ​ផ្អែក​លើ​ខ្សែ​សមរភូមិ​បច្ចុប្បន្ន។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឆ្លើយតបការលើកឡើងនេះ ដោយចោទប្រកាន់លោក ពូទីន ពីការប៉ុនប៉ងធ្វើឱ្យកិច្ចប្រជុំកំពូលនៅប្រទេសស្វីស ដោយសារតែភ័យខ្លាចចំពោះជោគជ័យរបស់ខ្លួន៕