(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang បានឯកភាពគ្នានៅថ្ងៃអាទិត្យនេះ ក្នុងការបើកកិច្ចសន្ទនាផ្នែកការទូត និងសន្តិសុខ ហើយបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោក Yoon និងលោក Li បានជួបគ្នានៅទីក្រុងសេអ៊ូលមួយថ្ងៃមុនកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ដែលជាកិច្ចពិភាក្សាត្រីភាគីលើកដំបូងរបស់ប្រទេសជិតខាងអាស៊ីទាំងបីនេះ ក្នុងរយៈពេលជាង ៤ឆ្នាំ។

ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនកំពុងព្យាយាមគ្រប់គ្រងភាពមិនទុកចិត្តដែលកំពុងកើនឡើង ក្នុងបរិបទនៃការប្រជែងគ្នារវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន និងភាពតានតឹងលើបញ្ហាតៃវ៉ាន់។

ទោះបីជាលទ្ធផលរំពឹងទុកពីកិច្ចប្រជុំកំពូលនាពេលខាងមុខនេះសូវជាល្អ ប៉ុន្តែអ្នកការទូត និងមន្ត្រីបានលើកឡើងថា សូម្បីតែកាយវិការជាមូលដ្ឋាន ដូចជាការចាប់ដៃ យ៉ាហោចណាស់វានឹងអាចជួយរក្សាទំនាក់ទំនងការទូតកម្រិតខ្ពស់ បន្ទាប់ពីទំនាក់ទំនងពួកគេបានធ្លាក់ក្នុងភាពយ៉ាប់យ៉ឺនអស់ជាច្រើនឆ្នាំ។ ពួកគេបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ អាចធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងវិស័យ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដូចជាការផ្លាស់ប្តូរប្រជាជន និងបញ្ហាកុងស៊ុល។

លោក Yoon បានប្រាប់ លោក Li ថា កូរ៉េខាងត្បូង និងចិនគួរតែធ្វើការរួមគ្នាមិនត្រឹមតែដើម្បីលើកកម្ពស់ផលប្រយោជន៍រួម ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែក៏លើបញ្ហាក្នុងតំបន់ និងសកល ដើម្បីដោះស្រាយបញ្ហាប្រឈមរួមផងដែរ ដោយលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាស និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចសកល។

«ដូចជាកូរ៉េ និងចិនបានយកឈ្នះលើការលំបាកផ្សេងៗជាមួយគ្នាក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ហើយបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនរបស់គ្នាទៅវិញទៅមក ខ្ញុំសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ទោះបីជាមានវិបត្តិស្មុគស្មាញទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះក៏ដោយ»។ នេះបើតាមការលើកឡើងរបស់លោក Yoon នៅដើមកិច្ចប្រជុំ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីចិន លោក Li បានជំរុញឲ្យកូរ៉េខាងត្បូង និងចិនបន្តសហការគ្នាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយជៀសវាងការនាំយកបញ្ហានយោបាយ ឬសន្តិសុខមកពាក់ព័ន្ធ។ លោកបានបង្ហាញឆន្ទៈរបស់ចិនក្នុងការពង្រឹងកិច្ចសហការលើវិស័យផលិតកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ថាមពល បញ្ញាសិប្បនិម្មិត និងជីវវេជ្ជសាស្ត្រជាដើម។ ចិនក៏នឹងពង្រីកការចូលទីផ្សារ ធានាការវិនិយោគបរទេស និងស្វាគមន៍ក្រុមហ៊ុនបរទេសដូចជា Samsung ឲ្យវិនិយោគនៅចិនបន្ថែមទៀត។

ការអំពាវនាវរបស់លោក Li ធ្វើឡើងក្រោយពេលដែលចិនរងការរឹតបន្តឹងពាណិជ្ជកម្មពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលើវិស័យ semiconductor ដែលប៉ះពាល់ដល់ក្រុមហ៊ុនចិនជាច្រើន៕