(គែរ)៖ រថយន្ដដឹកជំនួយជាច្រើនគ្រឿងមកពីប្រទេសអេហ្ស៉ីប បានចាប់ផ្ដើមចូលទៅក្នុងតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ឆ្លងកាត់តាមច្រកព្រំដែន Kerem Shalom គ្រប់គ្រងដោយអ៉ីស្រាអែល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៉ីប ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គិតជាសរុបមានរថយន្ដដឹកជំនួយជាង២០០គ្រឿង បានរង់ចាំនៅច្រកព្រំដែនទីក្រុង Rafah ប៉ែកខាងជាប់ទឹកដីអេហ្ស៉ីប ដែលត្រូវបានបិទចាប់តាំងពីដើមខែឧសភាមក នៅពេល អ៉ីស្រាអែលដណ្ដើមគ្រប់គ្រងច្រកផ្លូវប៉ែកខាងទឹកប៉ាឡេស្ទីន។ ក្រោយប្រតិបត្តិការយោធានេះ អេហ្ស៉ីបបានបដិសេធសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌ឆ្លងកាត់តាមទីក្រុង Rafah ដរាបណាកងទ័ពអ៉ីស្រាអែលនៅតែបន្តគ្រប់គ្រងច្រកព្រំដែននៅប៉េកខាងទឹកដីប៉ាឡេស្ទីន។

ក៏ប៉ុន្តែ កាលពីថ្ងៃសុក្រកន្លងទៅ ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi បានឈានដល់ការឯកភាពគ្នានៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីអនុញ្ញាតឱ្យជំនួយឆ្លងកាត់តាមច្រកព្រំដែន Kerem Shalom ដែលជាច្រកចូលដ៏សំខាន់មួយផ្សេងទៀត តភ្ជាប់ទៅកាន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៉ីប Al-Qahera News មិនបានបញ្ជាក់ថាតើមានរថយន្ដដឹកជំនួយមនុស្សធម៌ប៉ុន្មានគ្រឿង ដែលកំពុងធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សា នោះទេ ដោយគ្រាន់តែឱ្យដឹងថាក្នុងនោះមានរថយន្ដដឹកប្រេងឥន្ធនៈ៤គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាហើយ និងកំពុងឆ្ពោះទៅកាន់មន្ទីរពេទ្យ។ ដោយឡែក បើតាម AFP វិញ ដោយផ្អែកលើការស្រង់សម្ដីពីប្រធានអឌ្ឍចន្ទក្រហមអេហ្ស៉ីប លោក Khaled Zayed រថយន្ដដឹកជំនួយមនុស្សធម៌ ២០០គ្រឿងត្រូវបានរំពឹងថានឹងចូលទៅក្នុងតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យនេះ៕