Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការបតីអាល្លឺម៉ង់ ក្រាលព្រំក្រហមទទួលប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងពេល ២៤ឆ្នាំ (Video inside)

26-05-2024 13:45

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emanuel Macron នឹងធ្វើដំណើរទៅដល់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ និងចូលរួមកិច្ចប្រជុំទ្វេភាគី ខណៈមហាអំណាចអឺរ៉ុបធំទាំង២ កំពុងព្យាយាមបង្ហាញពីសាមគ្គីភាព នៅមុនការបោះឆ្នោតសភាសហភាពអឺរ៉ុប នៅខែក្រោយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទីក្រុងបែរឡាំង ទីក្រុង Dresden ស្ថិតនៅភាគខាងកើត និងទីក្រុង Muenster ស្ថិតនៅភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់ប្រធានាធិបតីបារាំង ក្នុងរយៈពេល២៤ឆ្នាំ។ ដំណើរទស្សនកិច្ចនេះដែរ ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថាប្រៀបដូចជា ការធ្វើតេស្ដត្រួតពិនិត្យលើសុខភាពនៃទំនាក់ទំនងរវាងបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីនរបស់អឺរ៉ុប ក្នុងបរិបទដែលអឺរ៉ុបកំពុងជួបបញ្ហាប្រឈមធំៗ ជាច្រើន រាប់ចាប់ពីសង្រ្គាមអ៊ុយក្រែន រហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខដែលគេរំពឹងថាលោក ដូណាល់ ត្រាំ អាចនឹងត្រឡប់មកវិញ។

គួរបញ្ជាក់ថា លោក Emanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz មានស្ទីលដឹកនាំខុសគ្នា ហើយពេលខ្លះបានបង្ហាញការខ្វែងគំនិតគ្នាត្រង់ៗតែម្ដង ចាប់ពីបញ្ហាវិស័យការពារជាតិ រហូតដល់ថាមពលនុយក្លេអ៊ែរ ចាប់តាំងពីលោក Scholz ឡើងកាន់អំណាចកាលពីចុងឆ្នាំ២០២១មក។ ម្យ៉ាងវិញទៀត លោក Macron ចង់ឱ្យអឺរ៉ុបឈប់ពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក នៅក្រោមយុទ្ធសាស្ត្រមួយដែលលោកហៅថាស្វ័យភាព។ ប៉ុន្តែ លោក Scholz បាននិយាយថាគ្មានឆត្រនុយក្លេអ៊ែរ ណាផ្សេងល្អ និងគួរឱ្យទុកចិត្តបាន ក្រៅពីសហរដ្ឋអាមេរិកនោះទេ។

តែទោះជាបែបនេះក្ដី មេដឹកនាំទាំង២ នៅតែអាចសម្រេចបានការសម្រុះសម្រួលគ្នា លើការដោះស្រាយបញ្ហាធំៗរបស់សហភាពអឺរ៉ុប រួមមានការធ្វើកំណែទម្រង់សារពើពន្ធ និងជួយសម្រេចបាននូវកិច្ចព្រមព្រៀងធំរបស់សហភាពអឺរ៉ុប៕