(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា បានបង្ហាញពីបំណងចង់ចរចាជាមួយចិន ២ថ្ងៃបន្ទាប់ពីចិនបើកធ្វើសមយុទ្ធ ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយនិយាយថាលោកសម្លឹងឆ្ពោះទៅរកការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការផ្សះផ្សាគ្នាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន បានធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់រយៈពេល ២ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅនេះ ហើយចាត់ទុកថា សមយុទ្ធនេះជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសុន្ទរកថាស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែឧសភារបស់លោក Lai Ching-te ត្រូវបានចិនហៅថាជាការជំរុញឯករាជ្យ របស់តៃវ៉ាន់។ ចិនបានចាត់ទុកលោក Lai ជាជនផ្ដាច់ខ្លួនម្នាក់ដ៏មានគ្រោះថ្នាក់។ ចំណែក លោក Lai វិញបានច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ជាមួយ ការសង្កត់ធ្ងន់ថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចលើជោគវាសនារបស់តៃវ៉ាន់។

យ៉ាងណាក៏ដោយ ជាថ្មីម្ដងទៀត ថ្លែងនៅឯកិច្ចប្រជុំមួយ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោកក្នុងទីក្រុង Tainan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ លោក Lai បានអំពាវនាវឱ្យចិនចូលរួមចំណែក ក្នុងការទទួលខុសត្រូវលើស្ថិរភាពក្នុងតំបន់ជាមួយតៃវ៉ាន់។ លោក Lai ដែលបានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់កាលពីខែមករា ដើមឆ្នាំ កន្លងទៅ ក៏បានបញ្ជាក់ដែរថាលោកបានសម្លឹងឆ្ពោះទៅការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការផ្សះផ្សាឡើងវិញជាមួយចិន តាមរយៈការផ្លាស់ប្ដូរយោបល់ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលចំណេញ និងឆ្ពោះទៅរកគោលជំហររួមលើសន្តិភាព និងភាពរីកចម្រើន។

ប៉ុន្តែ ព្រមពេលជាមួយគ្នា មេដឹកនាំតៃវ៉ាន់ថ្មីរូបនេះ ក៏មិនភ្លេចអរគុណដល់សហរដ្ឋអាមេរិកនោះដែរ រួមទាំងបណ្ដាប្រទេសដទៃសម្រាប់ការបង្ហាញក្ដីកង្វល់របស់ពួកគេជុំវិញការធ្វើ សមយុទ្ធរបស់ចិន។ «សហគមន៍អន្តរជាតិ នឹងមិនទទួលយកឡើយនូវរាល់សកម្មភាពរបស់ប្រទេសណាមួយដែលបង្កឱ្យមានរលកក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ប៉ះពាល់ដល់ ស្ថិរភាពតំបន់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Lai Ching-te។

គួរបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំមកនេះ ចិនតែងតែធ្វើសមយុទ្ធជាប្រចាំនៅជុំវិញកោះតៃវ៉ាន់ ខណៈប៉េកាំងកំពុងបង្កើនការដាក់សម្ពាធលើទីក្រុងតៃប៉ិ។ តៃប៉ិជារឿយៗ ក៏តែងតែ ថ្កោលទោសសមយុទ្ធរបស់ចិនផងដែរ៕