(ឡុងដ៏)៖ អ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១០,០០០នាក់បានទៅដល់ចក្រភពអង់គ្លេស តាមរយៈទូកតូចៗគិតមកទល់ពេលនេះ ដោយបើតាមការធ្វើបច្ចប្បន្នភាពទិន្នន័យរបស់រដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ មានគូសបញ្ជាក់ពីបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់លោកនាយករដ្ឋមន្ត្រី Rishi Sunak មុនការបោះឆ្នោតជាតិនៅថ្ងៃទី៤ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ ២០២៤។

ចំនួនមនុស្សមកចុះចតលើឆ្នេរភាគខាងត្បូងនៃប្រទេសអង់គ្លេសបន្ទាប់ពីការធ្វើដំណើរដ៏គ្រោះថ្នាក់ បានធ្លាក់ចុះ ១ភាគ ៣នៅក្នុងឆ្នាំ ២០២៣ ប៉ុន្តែតួលេខថ្មីចុងក្រោយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបង្ហាញថា មានមនុស្សចំនួន ១០,១៧០នាក់បានមកដល់ ចន្លោះខែមករា ដល់ថ្ងៃទី២៥ ខែឧសភា។ តួលេខនេះ គឺកើនឡើងពីចំនួន ៧,៣៩៥នាក់ក្នុងរយៈពេលដូចគ្នាបើប្រៀបធៀបនឹងឆ្នាំមុន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆ្លើយតបទៅនឹងការកើនឡើងនូវចំនួននេះ យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូបារាំង ដើម្បីទប់ស្កាត់ការធ្វើដំណើរដ៏គ្រោះថ្នាក់បែបនេះ។

គួរបញ្ជាក់ថា លោក Sunak បានលើកឡើងថា អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់អង់គ្លេសដោយខុសច្បាប់ នឹងមិនត្រូវនិរទេសទៅប្រទេស Rwanda មុនពេលបោះឆ្នោតនោះទេ ដោយនាំឱ្យមានការសង្ស័យលើគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗរបស់គណបក្សអភិរក្សរបស់លោក៕