(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបជាមួយសមភាគីចិន បន្ទាប់ពីទីក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមានចំពោះមេដឹកនាំតៃវ៉ាន់ថ្មី ដែលទើបតែឡើងកាន់តំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។
មន្ទីរបញ្ចកោណ បាននិយាយថា លោក Austin នឹងជួបរដ្ឋមន្រ្តីការពារជាតិចិន លោក Don Jun នៅពេលអ្នកទាំងពីរ ទៅចូលរួមព្រឹត្តិការណ៍ Shangri-La Dialogue ដែលជាសន្និសីទប្រចាំឆ្នាំ រវាងក្រុមមន្រ្តីការពារជាតិ មកពីគ្រប់ទិសទីជុំវិញពិភពលោក។ សន្និសីទនេះនឹងប្រព្រឹត្តទៅ នៅឯប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ កាលពីខែមេសាកន្លងទៅ លោក Austin និងលោក Don ក៏បានសន្ទនាគ្នាតាមទូរស័ព្ទ ផងដែរ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ចិនបានធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ ជាមួយការប្រើប្រាស់នាវានិងយន្តហោះចម្បាំង ដើម្បីធ្វើតេស្តសមត្ថភាពក្នុងការវាយយកដែនកោះនេះ ខណៈតៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជា ខេត្តមួយប៉ុណ្ណោះរបស់ខ្លួន។ ទីក្រុងប៉េកាំងបានអះអាងថា ការធ្វើសមយុទ្ធយោធានោះ គឺជាសារព្រមានធ្ងន់មួយ ចំពោះមេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te ដែលទើបតែស្បថចូលកាន់តំណែង កាលពីដើមសប្តាហ៍នេះ ហើយបានប្តេជ្ញាការពារសេរីភាព និងប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់៕