(សៅប៉ូឡូ)៖ ប្រទេសប្រេស៉ីល និងចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យមានកិច្ចភាក្សាសន្តិភាព នៅក្នុងជម្លោះរវាងរុស្ស៉ី-អ៊ុយក្រែន ដោយមានការចូលរួមផ្ទាល់ពីភាគីទាំងសងខាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ ២០២៤។

លិខិតមួយដែល Reuters ទទួលបាន ចុះហត្ថលេខាដោយបេសកជនពិសេសរបស់ប្រធានាធិបតីប្រេស៉ីល គឺលោក Celso Amorim និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានលើកឡើងថា ប្រេស៉ីល និងចិន ជឿជាក់ថាការចរចា គឺជាដំណោះស្រាយតែមួយគត់ សម្រាប់វិបត្តិអ៊ុយក្រែន។ លិខិតដដែលបានបន្តថា ប្រេស៉ីល និងចិនគាំទ្រសន្និសីទអន្តរជាតិស្តីពីសន្តិភាព ធ្វើឡើងក្នុងពេលវេលាសមស្របមួយ ហើយត្រូវបានទទួលស្គាល់ទាំងពីរុស្ស៉ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី ព្រមទាំងការពិភាក្សាដោយយុត្តិធម៌នៃផែនការសន្តិភាពទាំងអស់។

គួរបញ្ជាក់ថា ប្រទេសជាច្រើនបានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន ដែលគ្រោងរៀបចំនៅខែមិថុនា ខាងមុខ ជាទីដែលស្វីសរំពឹងថានឹងត្រួសត្រាយផ្លូវ សម្រាប់ដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែរុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ៕