(សិង្ហបុរី)៖ សេចក្តីសម្រេចរបស់ចៅក្រមនៅតុលាការកំពូលនៃប្រទេសសិង្ហបុរី ដែលចេញផ្សាយនាថ្ងៃសុក្រនេះ បានបង្ហាញថា បងប្អូនប្រុសរបស់ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ចំនួន ៤០០,០០០ដុល្លារសិង្ហបុរី ឬស្មើនឹង២៩៦,០០០ដុល្លារអាមេរិក ឱ្យទៅរដ្ឋមន្រ្តីរដ្ឋាភិបាលចំនួន២រូប ក្នុងសំណុំរឿងបរិហាកេរ្តិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។
លោក Goh Yihan ចៅក្រមនៅតុលាការកំពូលសិង្ហបុរី បានលើកឡើងថា លោក Lee Hsien Yang ដែលជាប្អូនប្រុសរបស់លោក Lee Hsien Loong បានធ្វើការចោទប្រកាន់បែបបរិហាកេរ្តិ៍ ប្រឆាំងនឹងរដ្ឋមន្រ្តីសិង្ហបុរី២រូប ដែលបានជះផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំពោះ ភាពសុចរិតទៀងត្រង់ កេរ្តិ៍ឈ្មោះវិជ្ជាជីវៈ ក៏ដូចជាកិត្តិយសរបស់ពួកគេ។ កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Lee Hsien Yang ធ្លាប់ត្រូវបានរដ្ឋាភិបាលសិង្ហបុរី ផ្តល់ឱកាសឱ្យកែតម្រូវការបង្ហោះសារមួយលើ Facebook ដែលក្រសួងយុត្តិធម៌អះអាងថា មានខ្លឹមសារមិនពិតស្តីពីរឿងអាស្រូវ ជុំវិញការណ៍ដែលរដ្ឋមន្រ្តីទាំង២រូបនោះ ជួលទ្រព្យសម្បត្តិរដ្ឋ។ បើតាមចៅក្រម Goh Yihan លោក Lee មិនបានសុំទោស ឬលុបចោលការបង្ហោះវិញឡើយ ហើយបានបង្ហោះសារមួយថែមទៀតថា រូបលោកនៅតែជឿជាក់ ចំពោះអ្វីដែលលោក បាននិយាយ។
គួរបញ្ជាក់ថា លោក Lee Hsien Yang វ័យ៦៦ឆ្នាំ ក៏បានជាប់ជំពាក់ក្នុងវិវាទដ៏តានតឹង ជាមួយបងប្រុសរបស់លោកផ្ទាល់ផងដែរ ជុំវិញផ្ទះដែលបន្សល់ទុក ដោយឪពុករបស់អ្នកទាំងពីរ គឺលោក Lee Kuan Yew ដែលជាបិតាស្ថាបនិកប្រទេសសិង្ហបុរី។ កាលពីអំឡុងការបោះឆ្នោតឆ្នាំ២០២០ លោក Lee Hsien Yang បានសម្រេចចូលរួមជាមួយគណបក្សប្រឆាំង ហើយកាលពីឆ្នាំមុន លោកបាននិយាយថា រូបលោកមានចេតនាចង់ឈរឈ្មោះប្រកួតប្រជែងតំណែងជា ប្រធានាធិបតីសិង្ហបុរី។ កាលពីសប្តាហ៍មុននេះ លោក Lee Hsien Loong វ័យ៧២ឆ្នាំ បានផ្ទេរអំណាចឱ្យទៅលោក Lawrence Wong ដែលមិនមានជាប់សែស្រឡាយអ្វីទាំងអស់ ជាមួយគ្រួសារត្រកូល Lee ឡើយ ខណៈវាគឺជាការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីលើកដំបូងបង្អស់ នៃប្រទេសអាស៊ានមួយនេះ គិតក្នុងរយៈពេល២០ឆ្នាំ។ នៅប្រទេសសិង្ហបុរី មានប្រធានាធិបតីក៏ពិតមែន ប៉ុន្តែអំណាចនីតិប្រតិបត្តិ ស្ថិតនៅលើនាយករដ្ឋមន្រ្តី៕