(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៤ ខែឧសភានេះបានប្រកាសដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៧នាក់ និងកប៉ាល់២គ្រឿងរបស់រុស្ស៉ី ពាក់ព័ន្ធនឹងការជួញដូរ អាវុធ និងសកម្មភាពផ្សេងទៀតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ នេះបើតាមការបញ្ជាក់ពី ក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថាកប៉ាល់រុស្ស៉ីបានដឹកទូរកុងតឺន័រក្នុងចំនួនដ៏ច្រើន នៅក្នុងការដឹកជញ្ជូនសម្ភារៈយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ដែលជាទង្វើបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់អាវុធឱ្យ រុស្ស៉ីប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា តាមក្រសួងការបរទេសកូរ៉េខាងត្បូង ក្នុងចំណោមជនជាតិកូរ៉េខាងជើងទាំង៧ ដែលជាប់ទណ្ឌកម្ម មានម្នាក់ជាអ្នកតំណាងក្រុមហ៊ុនរដ្ឋកូរ៉េខាងជើងមានមូលដ្ឋាន ក្នុងប្រទេសស៊ីរី ដែលទទួលបន្ទុកកិច្ចចរចាលើកកម្ពស់ការជួញដូរអាវុធជាមួយជនជាតិរុស្ស៉ីម្នាក់មកពីទាហានស៊ីឈ្នួលរុស្ស៉ី Wagner នៅចន្លោះពីឆ្នាំ២០២២ និងឆ្នាំ២០២៣។ ការអះអាងនេះដែរធ្វើឡើងដោយផ្អែកលើរបាយការណ៍ប្រចាំឆ្នាំ របស់ក្រុមអ្នកជំនាញ​ UN ដែលតាមដានការអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង៕