(ប៉េកាំង)៖ ទីក្រុងប៉េកាំង នៅថ្ងៃសុក្រ ទី២៤ ខែឧសភានេះបាននិយាយថាសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ បានឈានចូលដល់ថ្ងៃទី២ ហើយសមយុទ្ធនេះដែរមាន គោលដៅធ្វើតេស្ដលើសមត្ថភាពដណ្ដើមកាន់កាប់ដែនកោះមួយនេះ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

ចិនបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមានរយៈពេល២ថ្ងៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយឡោមព័ទ្ធតៃវ៉ាន់ជាមួយយន្ដហោះចម្បាំង និងនាវាចម្បាំង ខណៈ ព្រមានធ្ងន់ៗទៅលើអ្នកដែលចង់ទាមទារឯករាជ្យឱ្យតៃវ៉ាន់។ សមយុទ្ធមានឈ្មោះថា Joint Sword-2024A កើតមានឡើង បន្ទាប់ពីមេដឹកនាំថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te ស្បថចូលកាន់តំណែងជាផ្លូវការ និងបានថ្លែងសុន្ទរកថាមួយចំនួនដែលចិនថ្កោលទោសថាជាការទទួលស្គាល់ឯករាជ្យរបស់តៃវ៉ាន់។

អ្នកនាំពាក្យយោធាចិន លោក Li Xi បានបញ្ជាក់ថាសមយុទ្ធមានរយៈពេល២ថ្ងៃរបស់ចិន មានគោលដៅធ្វើតេស្ដលើសមត្ថភាពដណ្ដើមកាន់កាប់ ការវាយប្រហាររួមគ្នា របស់អង្គភាពកម្លាំងចិនទាំងជើងគោក ជើងអាកាស ជើងទឹក និងកងកម្លាំងមីស៊ីល ព្រមទាំងគ្រប់គ្រងទឹកដីសំខាន់ៗ។

គួរបញ្ជាក់ថា ចិនតែងតែព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ តៃវ៉ាន់បានថ្កោលទោសសមយុទ្ធ របស់ចិនដោយចាត់ទុកថាជាឥរិយាបថបង្ករឿង និងបានដាក់ឱ្យកងទ័ពប្រុងជើងការខ្ពស់ត្រៀមឆ្លើយតបនឹងស្ថានការណ៍អាសន្នណាមួយ។ លោក Lai Ching-te បាន លើកឡើងម្ដងហើយម្ដងទៀតថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលជាអ្នកសម្រេចចិត្តលើជោគវាសនារបស់តៃវ៉ាន់ និងបានច្រានចោលការអះអាងពីអធិបតេយ្យរបស់ ចិនលើតៃវ៉ាន់ផងដែរ៕