(ប៊ូដាប៉េស)៖ នាយកខុទ្ទការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រី លោក Gergely Gulyas បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សំណើរបស់រដ្ឋអាជ្ញាតុលាការអន្តរជាតិ ICC ក្នុងការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គឺរឿង «មិនអាចទទួលយកបាន» និងមិនអាចអនុវត្តបាននៅក្នុងប្រទេសហុងគ្រីទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ទោះបីជាប្រទេសហុងគ្រីបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូមក៏ដោយ ក៏លោក Gulyas បានសង្កត់ធ្ងន់ថា វាមិនដែលត្រូវបានបញ្ចូលទៅក្នុងច្បាប់ហុងគ្រីឡើយ ដែលធ្វើឱ្យការសម្រេចចិត្តរបស់ ICC មិនជាប់កាតព្វកិច្ចក្នុងស្រុកឡើយ។ ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan ថ្មីៗនេះបានស្វែងរកដីកាចាប់ខ្លួន លោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិរបស់លោក ព្រមទាំងមេដឹកនាំក្រុមហាម៉ាស់ចំនួនបីរូបផងដែរ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម។

លោក Gulyas បាននិយាយយ៉ាងដូច្នេះថា «ការសម្រេចចិត្តនេះមិនមែនជាការសម្រេចចិត្តផ្លូវច្បាប់ទេ ប៉ុន្តែជាការសម្រេចចិត្តនយោបាយ។ វាមិនអាចទទួលយកបានទេ ហើយវាធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។

គួរជម្រាបថា ខណៈពេលដែលប្រទេស EU ទាំង ២៧ ជាសមាជិកនៃតុលាការ ICC ដែលមានកាតព្វកិច្ចអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះ ការស្នើសុំដីកាចាប់ខ្លួនរបស់លោក Khan បានលាតត្រដាងការបែកបាក់ផ្នែកនយោបាយនៅក្នុងសហភាពអឺរ៉ុបជុំវិញជម្លោះនៅហ្គាហ្សា។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Orban ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Netanyahu បានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល៕