(ម៉ិកស៉ីកូ)៖ អភិបាលរដ្ឋនិយាយថា មនុស្សចំនួន ៩នាក់បានស្លាប់កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៉ិកស៉ិក បន្ទាប់ពីឆាកឃោសនារកសំឡេងឆ្នោតរបស់គណបក្សចលនាពលរដ្ឋ (Citizens' Movement party) បានដួលរលំអំឡុងពេលកំពុងដំណើការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០២៤។

លោក Samuel Garcia បានឱ្យដឹងតាមបណ្តាញសង្គមថា មនុស្សប្រហែល ៥០នាក់បានរងរបួស ខណៈនាយកវិទ្យាស្ថានសន្តិសុខសង្គមម៉ិកស៊ិក រាយការណ៍ថា មនុស្សជាច្រើនកំពុងត្រូវបានព្យាបាលនៅគ្លីនិក ក្នុងស្រុក។ ជនរងគ្រោះមាន ៨នាក់ជាមនុស្សពេញវ័យ និងក្មេងម្នាក់។ បេក្ខជនប្រធានាធិបតីរបស់បក្ស Citizens' Movement party លោក Jorge Alvarez Maynez បានឱ្យដឹងថា ខ្យល់បក់បោកបណ្តាលឱ្យឆាកដួលរលំ អំឡុងពេលកំពុងរៀបចំព្រឹត្តិការណ៍ក្នុងទីក្រុង San Pedro Garza Garcia។

គួរបញ្ជាក់ថា ឆ្មាំជាតិ និងកងទ័ពរបស់ប្រទេសម៉ិកស៉ិក បានទៅដល់នៅកន្លែងកើតហេតុ ដើម្បីគាំទ្រដល់ការងារជួយសង្រ្គោះ។ រីឯអភិបាលក្រុង San Pedro Garza Garcia បានណែនាំអ្នកស្រុកឱ្យស្នាក់នៅក្នុងផ្ទះ ចំពេលមានព្យុះផ្គររន្ទះខ្លាំងក្នុងតំបន់៕