(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយរូបភាព ដែលបង្ហាញឱ្យឃើញ រូបថតមេដឹកនាំបច្ចុប្បន្នរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ត្រូវបានដាក់តាំងនៅទន្ទឹមគ្នាជាលើកដំបូងបំផុត ជាមួយរូបថតរបស់ឪពុក ព្រមទាំងជីតារបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចេញផ្សាយ គឺត្រូវបានផ្តិតយកអំឡុងពិធីសម្ពោធ សាលាបណ្តុះបណ្តាល​សមាជិកជំនាន់ក្រោយ សម្រាប់បក្សកាន់អំណាច Workers' Party។ ក្នុងរូបភាពទាំងនោះ រូបថតលោក គីម ជុង ត្រូវគេមើលឃើញថា ត្រូវបានដាក់តាំងនៅទន្ទឹម រូបថតរបស់អតីតមេដឹកនាំកូរ៉េខាងជើង២រូបមុន គឺលោក គីម អ៉ីលស៊ុង និងលោក គីម ជុងអ៉ីល។

ទោះជាបែបនេះក្តី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបាននិយាយអ្វីពាក់ព័ន្ធ អំពីចេតនានៅពីក្រោយការតាំងបង្ហាញរូបថតរបស់លោក គីម ឡើយ ឬក៏បញ្ជាក់ថា ការអនុវត្តយ៉ាងដូច្នេះបានក្លាយជាស្តង់ដាហើយ នៅទូទាំងប្រទេសសម្រាប់កន្លែងសាធារណៈនានា ក៏ដូចជាតាមថ្នាក់រៀន ឬយ៉ាងណា នោះទេ។ គ្រួសារត្រកូល គីម បានបន្តដឹកនាំកូរ៉េខាងជើង៣ជំនាន់មកហើយ ចាប់តាំងតែពីប្រទេសនេះត្រូវបានបង្កើតឡើង នៅក្រោយសង្រ្គាមលោកលើកទី២។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ សកម្មភាពខាងលើ ហាក់ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងឋានៈរបស់លោក គីម ជុងអ៊ុន ក្នុងនាមជាមេដឹកនាំមួយ ដែលមានភាពអស្ចារ្យស្មើឪពុកនិងជីតារបស់លោកដែរ។ សកម្មភាពមួយទៀតនាពេលថ្មីៗកន្លងទៅនេះ ដែលត្រូវ​បានគេមើលឃើញថា មានគោលដៅ ដើម្បីលើកមុខលើកមាត់ លោក គីម ជុងអ៊ុន គឺការចេញវីដេអូចម្រៀងពិសេសមួយ ដែលមានខ្លឹមសារ​លើកសរសើរលោក គីម ថាជាដ៏ឪពុកដ៏រាក់ទាក់ស្និទ្ធស្នាល និងជាមេដឹកនាំដ៏អស្ចារ្យម្នាក់៕