(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បានចោទប្រកាន់ចិនថាកំពុងផ្គត់ផ្គង់ ឬត្រៀមបញ្ជូនបរិក្ខារយោធាទៅឱ្យរុស្ស៉ី សម្រាប់ការប្រើប្រាស់ ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសុន្ទរកថានៅឯទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ទី២២ ខែឧសភា លោក Grant Shapps មិនបានបង្ហាញភស្តុតាងបញ្ជាក់ពីការអះអាងរបស់លោកនោះទេ ដោយគ្រាន់តែ និយាយថា «នៅថ្ងៃនេះ ខ្ញុំអាចបញ្ជាក់បានថាយើងមានភស្តុតាងបង្ហាញថាចិន និងរុស្ស៉ី កំពុងធ្វើកិច្ចសហការជាមួយគ្នាស្ដីពីការផ្គត់ផ្គង់បរិក្ខារសឹកសម្រាប់ប្រើប្រាស់នៅក្នុង ប្រទេសអ៊ុយក្រែន»។ រដ្ឋមន្ត្រីការពារជាតិរូបនេះក៏បានបន្ថែមដែរថា NATO គួរតែភ្ញាក់ដឹងខ្លួន ហើយត្រូវបង្កើនកញ្ចប់ថវិកាយោធានៅក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់។
ក៏ប៉ុន្តែ ខាងសេតវិមានឯណោះវិញ តាមរយៈទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថាមានមន្ទិលសង្ស័យចំពោះការអត្ថាធិប្បាយមួយចំនួនរបស់ លោក Shapps។ តាមលោក Sullivan លទ្ធភាពដែលចិនអាចនឹងនឹងបញ្ជូនអាវុធដោយផ្ទាល់ឱ្យរុស្ស៉ី គឺជាក្ដីកង្វល់តាំងតែពីដើមមក ប៉ុន្តែក្នុងពេលបច្ចប្បន្ន សហរដ្ឋអាមេរិក មើលឃើញថាចិនមិនទាន់ផ្ដល់អាវុធដោយផ្ទាល់ឱ្យរុស្ស៉ីនោះទេ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នាក្នុងទីក្រុងប៉េកាំងកាលពីដើមខែឧសភានេះ ដើម្បីបង្ហាញពីសាមគ្គីភាព នឹងគ្នា។ ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងរុស្ស៉ី បានរីកចម្រើនធំធាត់ជាលំដាប់ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ប៉ុន្តែ ប៉េកាំង បានច្រានចោលជារឿយៗចំពោះការចោទប្រកាន់របស់បណ្ដាប្រទេសលោកខាងលិចថាខ្លួនកំពុងជួយដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៉ី៕