(ហ្គាហ្សា)៖ ប្រភពប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៣ នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធនេះ ដែលជាលទ្ធផលនៃការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់កងកម្លាំងអ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ ការវាយប្រហារបានកើតឡើងតាំងពីយប់រហូតដល់ព្រឹក ហើយបានកំណត់គោលដៅជាច្រើនក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
ប្រភពក្នុងស្រុកបានរាយការណ៍ថា យន្តហោះអ៊ីស្រាអែលបានកំណត់គោលដៅផ្ទះលំនៅដ្ឋានមួយនៅខាងលិចជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ Gaza Strip ដោយបានសម្លាប់មនុស្ស ៦នាក់និងរបួស ៦នាក់ផ្សេងទៀត។ អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។
នៅទីក្រុង Al-Zawaida ភាគកណ្តាលតំបន់ Gaza Strip ឯណោះវិញ ការវាយប្រហារតាមអាកាសទៅលើផ្ទះមួយរបស់ជនភៀសខ្លួន បានសម្លាប់មនុស្ស ១០នាក់ ។ នៅក្នុងសង្កាត់ Al-Zaytoun ភាគខាងត្បូងនៃទីក្រុង Gaza យន្តហោះរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះ និងដីកសិកម្ម ដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និង ១០នាក់ផ្សេងទៀតរងរបួស។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកនៅជាយក្រុងភាគខាងកើត នៃជំរុំជនភៀសខ្លួន Nuseirat បណ្តាលឱ្យខូចខាតទ្រព្តសម្បត្តិយ៉ាងច្រើនផងដែរ។ ក្នុងពេលជាមួយគ្នានោះ ជនជាតិប៉ាឡេស្ទីន៥នាក់ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Rafah ភាគខាងត្បូង ដោយសារការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា កងទ័ពអ៊ីស្រាអែលកំពុងធ្វើដំណើរទៅភាគខាងលិចក្នុងក្រុង Rafah តាមបណ្តោយ «ច្រករបៀង Philadelphia» ក្បែរព្រំដែនអេហ្ស៊ីប។
គួរជម្រាបថា នៅចំពោះមុខនៃការកើនឡើងនៃអំពើហិង្សានេះ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសពីការផ្អាកការចែកចាយស្បៀងអាហារនៅ Rafah ដោយសារតែកង្វះការផ្គត់ផ្គង់ និងការព្រួយបារម្ភអំពីសុវត្ថិភាព៕