(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថា ប្រទេសនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារផលប្រយោជន៍រួម និងការរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
លោក Wang បានធ្វើការកត់សម្គាល់បែបនេះ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mahdi Safari ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន។
ក្នុងអំឡុងកិច្ចពិភាក្សា លោក Wang Yi ក៏បានសម្តែងការសោកស្តាយចំពោះមរណភាព របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian កាលពីពេលថ្មីៗនេះផងដែរ។
លោក Wang Yi បានបង្ហាញពីសាមគ្គីភាពរបស់ចិនជាមួយអ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការកាន់ទុក្ខនេះដោយបញ្ជាក់ថា «អ៊ីរ៉ង់បានបាត់បង់មេដឹកនាំឆ្នើម ហើយចិនបានបាត់បង់មិត្តល្អ និងដៃគូ។ ក្នុងគ្រាដ៏លំបាកនេះ ចិនឈរយ៉ាងរឹងមាំជាមួយមិត្តអ៊ីរ៉ង់»៕