(កៀវ)៖ រុស្ស៊ី បានបង្ហាញការចាប់ផ្តើមសមយុទ្ធអាវុធនុយក្លេអ៊ែតាក់ទិក របស់ខ្លួននៅតំបន់កៀក ជិតនឹងទឹកដីអ៊ុយក្រែនហើយ បន្ទាប់ពីសម្តីព្រមានរបស់លោក វ្លាឌីមៀរ ពូទីន រយៈពេល២ សប្តាហ៍រូចមកនេះ។ សង្គ្រាមដែលឈានចូលក្នុងឆ្នាំទីបី ត្រូវគេកត់សម្គាល់ថាកាន់តែនាំពិភពលោក ធ្វើដំណើរកៀកជិតបន្តិចម្តងៗ នូវគ្រោះមហន្តរាយនុយក្លេអ៊ែ័រ។ ការបញ្ចេញអាវុធតាក់ ទិកនុយក្លេអ៊ែ័រនេះ បានធ្វើឡើងក្នុងពេលដែលរុស្ស៊ីកំពុងមើលឃើញ ការគំរាមសុវត្ថិភាពនឹង អាចឈានចូលមកដល់ទឹកដីរុស្ស៊ី និងទន្ទឹមនឹងក្តីអស់សង្ឃឹម របស់អ៊ុយក្រែនប្រមាណ៦ខែរួច មកនោះ បានរីកស្រស់ស្រាយឡើងវិញក្រោយលំហូរជំនួយយោធា របស់សហរដ្ឋអាមេរិក បានមកដល់សាជាថ្មី។

រុស្ស៊ី បានធ្វើសកម្មភាពបង្ហាញការចាប់ផ្តើម សមយុទ្ធអាវុធនុយក្លេអ៊ែតាក់ទិកនៅតំបន់កៀក ជិតនឹងទឹកដីអ៊ុយក្រែន និងសមយុទ្ធនេះគឺជា អ្វីដែលរុស្ស៊ី ធ្លាប់បាននិយាយបញ្ជាក់រួចមក ហើយថាគឺជាការឆ្លើយតបចំពោះ "ការគំរាមកំហែង" របស់ប្រទេសលោកខាងលិច។

មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានព្រមានកាលពី២សប្តាហ៍មុនថា រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងធ្វើសមយុទ្ធនុយក្លេអ៊េ័រ បន្ទាប់ពីលោក បានខឹងនឹងសម្តីបង្កភាពក្តៅ ក្រហាយរបស់មន្ត្រីដឹកនាំប្រទេសលោកខាងលិច។ សម្តីព្រមាននេះ ក៏ធ្លាប់ត្រូវបានគេចាត់ទុកថាជាសម្តីគំរាម កំហែងរបស់លោកពូទីនផងដែរ ដោយសារតែជា ភាសាគំរាមធម្មតា របស់ប្រទេសនៃមហាអំណាចនុយក្លេអ៊ែ័រ ប៉ុន្តែនៅទីបំផុតគឺ រហូតមកដល់ថ្ងៃអង្គារ៍ទី២១ ឧសភា សមយុទ្ធអាវុធនុយក្លេអ៊ែ័រតាក់ទិក ក៏ត្រូវគេឃើញលេចចេញសកម្មភាពរបស់វា កើតឡើងមែន ប៉ុន្តែមេដឹកនាំអ៊ុយក្រែនលោក ហ្សេឡិនស្គី នៅតែនិយាយថាលោក ពូទីន មិនមែនជាមនុស្ស ដែលគ្មានវិចារណញ្ញាណនោះទេ។

សមយុទ្ធអាវុធនុយក្លេអ៊ែតាក់ទិកនេះ បានធ្វើឡើងក្នុងរង្វង់ដែលមានសំណួរជាច្រើនចង់ដឹង ថាតើបណ្តាប្រទេសលោកខាងលិច នឹងត្រូវហក់ទៅជួយ អ៊ុយក្រែនដែរឬទេ ក្នុងរង្វង់ពេលដែល អ៊ុយក្រែនដែលបាននិងកំពុងទទួលជំនួយអាវុធនិងគ្រាប់រំសេវ ពីសហរដ្ឋអាមេរិកនេះ កំពុងប្រឈមនឹងការខ្វះ កម្លាំងយោធារបស់ខ្លួននោះ?

រុស្ស៊ីចាប់តាំងពីការចាប់ផ្តើមធ្វើសង្គ្រាម ឈានចូលក្នុងឆ្នាំទីបីរួចមកនេះ តែងនិយាយម្តងហើយម្តងទៀត នូវភាសាគំរាមអាវុធនុយក្លេអ៊ែ័រ និងសម្តីព្រមានការប្រើប្រាស់ អាវុធប្រល័យ លោកនេះបើសិនណាជារុស្ស៊ីមើលឃើញថា ដែនអធិបតេយ្យភាពរបស់រុស្ស៊ី នឹងរងការគំរាម ពីប្រភពបរទេសពីខាងក្រៅ។ ប្រទេសលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក បានចោទប្រកាន់មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន នូវការបំពងសម្តីគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែ័រដោយ គ្មានការទទួលខុសត្រូវឡើយ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា សមយុទ្ធបានប្រព្រឹត្តទៅនៅក្នុងតំបន់យោធាភាគខាងត្បូង ដែលជាតំបន់មាន ព្រំប្រទល់និងមានទឹកដី របស់អ៊ុយក្រែនខ្លះដែលរុស្ស៊ី បានប្រកាសជាតំបន់រណបកាលពីឆ្នាំ២០២២ កន្លងមកនោះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ខ្លួនថា លំហាត់សមយុទ្ធនេះគឺជាការត្រៀម របស់កងកម្លាំងនិងឧបករណ៍ នៃអង្គភាពប្រយុទ្ធ Non-Strategic របស់កម្លាំងអាវុធនុយក្លេអ៊ែ័រ ដើម្បីឆ្លើយតបនិងធានាការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋរុស្ស៊ីដោយគ្មានលក្ខខណ្ឌ"។

ការធ្វើសមយុទ្ធនេះ គឺនៅក្រោយប្រតិកម្មខឹងសម្បាររបស់រុស្ស៊ី ចំពោះសម្តីរបស់មេដឹកនាំបារាំង និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលនិយាយចង់ឱ្យ រុស្ស៊ីចាញ់សង្គ្រាមអ៊ុយក្រែន។ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃទី២ ឧសភា បាននិយាយថា កងកម្លាំងប្រទេសលោកខាងលិច អាចនឹងត្រូវបានបញ្ជួនទៅកាន់អ៊ុយក្រែន…ចំណែក រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយបង្ហាញការគាំទ្រដល់អ៊ុយក្រែនថា អង់គ្លេសនឹងមិនជំទាស់ឡើយបើសិនជា អ៊ុយក្រែនប្រើប្រាស់អាវុធ នៃជំនួយរបស់អង់គ្លេសនោះ វាយប្រហារដាក់ទៅក្នុងទឹកដីរុស្ស៊ី។ សម្តីរបស់ មេដឹកនាំប្រទេសបារាំង និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស នេះហើយ បានដុតកំសួលកំហឹងដល់ មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន។

រុស្ស៊ីនាពេលនោះថែមទាំងបានកោះហៅ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំក្រុងមូស្គូ ទៅកាន់ក្រសួងការបរទេសរបស់ខ្លួន ដោយប្រើសម្តីព្រមានថា បើអ៊ុយក្រែនហ៊ានប្រើអាវុធអង់គ្លេស បាញ់ដាក់លើទឹកដីរុស្ស៊ី វានឹងអាចនាំមកវិញនូវការវាយប្រហារសងសឹក ដាក់ទៅលើទីតាំងនិងឧបករណ៍យោធាអង់គ្លេស លើទឹកដីអ៊ុយក្រែន ឬតាមកន្លែងផ្សេងដទៃទៀតវិញ។ សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ៍ ទី២១ ឧសភា បានសរសេរបញ្ជាក់បន្ថែមថា សមយុទ្ធនេះគឺជា "ការឆ្លើយ តបចំពោះសេចក្តីថ្លែងការណ៍បង្កហេតុនិងសម្តីគំរាម ដោយមន្ត្រីលោកខាងលិចមួយចំនួន" នោះហើយ។

តំបន់យោធាភាគខាងត្បូងរបស់រុស្ស៊ីដែលជ្រើស ជាកន្លែងធ្វើសមយុទ្ធនោះត្រូវគេពណ៌នាថា គឺជាទីតាំងបញ្ជាការដ្ឋានកណ្តាល ដឹកនាំការប្រយុទ្ធលើ សមរភូមិអ៊ុយក្រែន។ តំបន់នោះ មានទីស្នាក់ការកណ្តាលនៅ Rostov-on-Don ចម្ងាយប្រមាណ៦០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន និងក៏រួមមានទឹកដីនៃផ្នែកខ្លះដែលរុស្ស៊ី ទើបបានប្រកាសជាតំបន់រណបផងដែរ។

តំបន់ដែលអ៊ុយក្រែនចាត់ទុកថា រុស្ស៊ីបានគ្រប់គ្រងដោយខុសច្បាប់នោះ មិនត្រឹមតែតំបន់ក្នុងខេត្តចំនួនបួន Donetsk, Kherson, Luhansk និង Zaporizhzhia ប៉ុណ្ណោះទេ, តំបន់គ្រីមៀរ ដែលរុស្ស៊ីបានចូលគ្រប់គ្រងតាំងពីឆ្នាំ២០១៤នោះ ក៏ ត្រូវអ៊ុយក្រែនបានប្តេជ្ញាថា នឹងវាយដណ្តើមយកពីរុស្ស៊ីមកវិញផងដែរ។

ក្រសួងការពារជាតិបានបញ្ចេញរូបភាពវីដេអូ ដែលបង្ហាញនូវរថយន្តដឹកមីស៊ីលទៅកាន់ទីវាល ដែលមានដាក់ប្រព័ន្ធអាវុធដើម្បីត្រៀមបាញ់ និងមានកម្លាំងទាហាន ស្ថិតក្នុងទីវាលព្រលាន យន្តហោះបញ្ឆេះម៉ាស៊ីនត្រៀមធ្វើការហោះហើរ ជាមួយការបំពាក់អាវុធក្បាលគ្រាប់នុយក្លេអ៊ែ័រ ត្រៀមចេញអនុវត្តធ្វើតេស្តសាកល្បង។

គ្រាប់ប្រើប្រាស់ក្នុងយុទ្ធកលតាក់ទិកនេះ គឹជាគ្រាប់ដែលមានកម្លាំងមិនខ្លាំងជាងអាវុធយុទ្ធសាស្ត្រ Strategic Weapons ដែលជាប្រភេទក្បាលគ្រាប់បំពាក់លើ មីស៊ីលបាញ់ផ្លោងអន្តរទ្វីប Intercontinental Ballistic Missiles ដែលគ្រាប់នីមួយៗសុទ្ធតែអាចរំលាយ ទីក្រុងនីមួយបានយ៉ាងស្រួលនោះឡើយ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយបញ្ជាក់ថា សមយុទ្ធនេះវាគ្រាន់តែជា "ដំណាក់កាលដំបូង" ដែលពាក់ព័ន្ធនឹងការអនុវត្ត ការច្រកគ្រាប់បញ្ចូលក្នុងយានយន្តបញ្ជា, ការបញ្ជាយានយន្តទៅ កាន់ទីកន្លែងកំណត់ និងការបំពាក់គ្រាប់មីស៊ីលលឿនជាងសម្លេង Kinzhal ទៅលើយន្តហោះតែប៉ុណ្ណោះ។ មិនមានការបញ្ជាក់ថា តើសមយុទ្ធនេះ នឹងមានការបាញ់សាកល្បងអាវុធទាំង នេះដែរឬយ៉ាងណានោះឡើយ។

អាវុធតាក់ទិកនុយក្លេអ៊ែរ Tactical Nuclear Weapons ដែលគេហៅម្យ៉ាងទៀតថា Non-Strategic Nuclear Weapons គឺជាអាវុធដែលរចនា និងបង្កើតសម្រាប់តែការប្រើប្រាស់ដាក់ នៅលើសមរភូមិ ប៉ុន្តែអាវុធនេះ ក៏អាចត្រូវបានគេបាញ់តាមរយៈគ្រាប់មីស៊ីល បានដែរ។

អាវុធតាក់ទិកនុយក្លេអ៊ែរ ជាធម្មតាជាអាវុធមានប្រសិទ្ធភាពតិចជាងអាវុធ Strategic Nuclear Weapons ប៉ុន្តែទោះជាមាន ប្រសិទ្ធភាពតិចជាងក៏ដោយ ក៏គ្រាប់របស់វានីមួយៗ ត្រូវអ្នកជំនាញ និយាយថាមានឥទ្ធិពលខ្លាំងជាងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកធ្លាប់ទម្លាក់នៅលើ ក្រុង Hiroshima និង Nagasaki របស់ជប៉ុននោះទៅទៀត។

សមយុទ្ធអាវុធនុយក្លេអ៊ែតាក់ទិកនេះ បានធ្វើឡើងក្នុងរង្វង់ដែលមានសំណួរជាច្រើនចង់ដឹង ថាតើបណ្តាប្រទេសលោកខាងលិច នឹងត្រូវហក់ទៅជួយ អ៊ុយក្រែនដែរឬទេ ក្នុងរង្វង់ពេលដែល អ៊ុយក្រែនដែលបាននិងកំពុងទទួលជំនួយអាវុធ និងគ្រាប់រំសេវ ពីសហរដ្ឋអាមេរិកនេះ កំពុងប្រឈមនឹង ការខ្វះកម្លាំងយោធារបស់ខ្លួននោះ?

កាសែត The New York Times របស់សហរដ្ឋអាមេរិក បានផ្សាយនៅថ្ងៃអង្គារ៍ដកស្រង់សម្តី មេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានថ្លែងអំពាវនាវឱ្យ ប្រទេសជាសមាជិករបស់អង្គការណាតូចូលរួមដោយផ្ទាល់ នៃការធ្វើសង្គ្រាមជាពិសេស ក្នុងការជួយអ៊ុយក្រែនលើ ការបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់រុស្ស៊ី។ សេចក្តីអំពាវនាវរបស់លោក ហ្សេឡិនស្គី នេះ បានធ្វើ ចំពោះប្រទេស នៃសមាជិករបស់អង្គការណាតូណា ដែលមិនបានផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធអាវុធការពារដែនអាកាស។

កាសែត Independent បានដកស្រង់សម្តីរបស់លោក ហ្សេឡិនស្គី ដែលនិយាយបញ្ជាក់យ៉ាង នេះថា «អ្នកមិនអាចផ្តល់អាវុធទាំងនេះ នាវេលានេះមែនទេ? ដូច្នេះសូមអ្នកយកយន្តហោះ របស់អ្នកដែលស្ថិតនៅលើទឹកដី នៃប្រទេសរបស់អង្គការណាតូ…បើកយន្តហោះទាំងនោះ លើផ្ទៃអាកាស ហើយបាញ់ទម្លាក់មីស៊ីលទាំងនោះ ដើម្បីការពារជនស៊ីវិល»

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ក្នុងដំណើរទស្សនកិច្ចនៅកាន់ ក្រុងគៀវកាលពីថ្ងៃទី២១ ឧសភា បានអំពាវនាវប្រទេសជាដៃគូ សូមជួយបញ្ជួនប្រព័ន្ធអាវុធការ ពារដែនអាកាសមកឱ្យអ៊ុយក្រែន គ្រាដែលរុស្ស៊ីកាន់តែបង្កើន ការវាយប្រហារគ្រាប់មីស៊ីលនានា និងគ្រាប់មីស៊ីល Glide Bombs និងគ្រាប់រ៉ុក្កែតតាមផ្លូវអាកាស ដាក់មកលើអ៊ុយក្រែនឥតឈប់ឈរ។

សេចក្តីរាយការណ៍ពីសមរភូមិបានឱ្យដឹងថា សមរភូមិក្នុងក្រុង Vovchansk ក្នុងទឹកដីខេត្ត ខាគីវ កំពុងក្លាយជាសមរភូមិដ៏ក្តៅគគុកមួយ ដែលក្រុមទាហានអ៊ុយក្រែន បានប្រៀបធៀបថា មានសភាពខ្លាំងជាងសមរភូមិ នៅក្រុងបាក់មុតទៅទៀត។ នាយទាហានអ៊ុយក្រែនលោក Pavlo នៃកងពលប្រយុទ្ធ៩២របស់អ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មានថាលោកធ្លាប់បានប្រយុទ្ធ នៅក្នុងក្រុងបាក់មុតកាលពីមុន និងក្រោយមកត្រូវបានគេបញ្ជួនមកសមរភូមិថ្មីនេះវិញ។ លោកបញ្ជាក់ថា សមរភូមិនៅក្រុង Vovchansk មានសភាពខ្លាំងជាង នៅសមរភូមិបាក់មុតទៅទៀត។ លោកថានៅបាក់មុត គេមិនមានសម្បូរណ៍គ្រាប់បាញ់ដូចនៅទីនេះទេ ដែលគេអាចមានគ្រាប់គ្រប់គ្រាន់ ក្នុងការតទល់ជាមួយនឹងទាហានរុស្ស៊ី។

រុស្ស៊ីបានបើកយុទ្ធនាការប្រយុទ្ធវាយដណ្តើមទឹកដី នៅក្នុងខេត្តខាគីវចាប់តាំងពីថ្ងៃសុក្រ ទី១០ ឧសភា ប៉ុន្តែសមរភូមិនៅក្រុង Vovchansk នៅមិនទាន់មានសភាពតានតឹង គ្រាដែលសមរភូមិក្បែរក្រុង Pokrovsk, Kramatorsk និង Kurakhov ត្រូវគេនិយាយថា នៅតែមានសភាពលំបាកជាដដែល។ គេនៅមិនទាន់ដឹងថា តើសមយុទ្ធអាវុធនុយក្លេអ៊ែតាក់ទិករបស់រុស្ស៊ីដែល បាននិងកំពុងធ្វើនាពេលនេះ នឹងអាចជះឥទ្ធិពលអ្វីជាបន្ថែមទៀតមកលើ សមរភូមិនាភាគខាងកើតអ៊ុយក្រែននេះឡើយ។

ប៉ុន្តែលោកហ្សេឡិនស្គី បានប្រាប់កាសែតអាមេរិកាំង The New York Times ថា ភាពភ័យខ្លាច នៃការកើនឡើងអាវុធនុយក្លេអ៊ែ័រពិត ជាបានកើតឡើងខ្លាំងនោះមែន ប៉ុន្តែលោកថា «លោក ពូទីន មិនអាចគ្មានវិចារណញ្ញាណនោះទេ ពីព្រោះគាត់ស្រឡាញ់ជីវិត របស់គាត់ណាស់»

លោកហ្សេឡិនស្គីបានបញ្ជាក់បន្ថែមទៀតថា លោកចង់ មានលទ្ធភាពអាចប្រើប្រាស់អាវុធនៃ ជំនួយអាមេរិកដែលផ្តល់មកទាំងនេះ ដើម្បីវាយដាក់លើ កងកម្លាំងរុស្ស៊ីនៅលើទឹកដីរបស់រុស្ស៊ី ផ្ទាល់តែម្តង។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកកន្លងមក តែងហាមឃាត់អ៊ុយក្រែន មិនឱ្យប្រើប្រាស់អាវុធរបស់ខ្លួន បាញ់ដាក់ចូលក្នុងទឹកដីរុស្ស៊ីឡើយ។

សង្គ្រាមដែលឈានចូលក្នុងឆ្នាំទីបី ត្រូវគេកត់សម្គាល់ថាកាន់តែនាំពិភពលោកធ្វើដំណើរ កៀកជិតបន្តិចម្តងៗ នូវគ្រោះមហន្តរាយនុយក្លេអ៊ែ័រ។ ការបញ្ចេញអាវុធតាក់ទិកនុយក្លេអ៊ែ័រនេះ ក៏ទន្ទឹមនឹងអ៊ុយក្រែនកំពុងស្វែងរកការយល់ព្រម ពីសហរដ្ឋអាមេរិកដើម្បីប្រើប្រាស់អាវុធ នៃកញ្ចប់ជំនួយ៦១ពាន់លានដុល្លារ ដើម្បីវាយប្រហារដាក់លើកងកម្លាំងរុស្ស៊ីលើទឹកដីរបស់ រុស្ស៊ីវិញដែរ។ ចម្លើយគឺមានតែមួយគត់នោះត្រូវរង់ចាំមើលការសម្រេចពីសហរដ្ឋអាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន