(ហ្គាហ្សា)៖ អាជ្ញាធរប៉ាឡេស្ទីន បានរិះគន់រដ្ឋបាលអាមេរិកយ៉ាងខ្លាំងចំពោះការគាំទ្រអ៊ីស្រាអែលជាបន្តបន្ទាប់ ចំពេលមានការវាយប្រហារចុងក្រោយលើតំបន់ Gaza Strip និង West Bank។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បាននិយាយតាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ថា រដ្ឋាភិបាល និងយោធាអ៊ីស្រាអែលកំពុងបន្តទង្វើ «ឧក្រិដ្ឋកម្ម» របស់ពួកគេនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលជំរុញដោយ «ការគាំទ្រជាបន្តបន្ទាប់ និងអយុត្តិធម៌» ពីសំណាក់សហរដ្ឋអាមេរិក។
លោក Rudeineh បានគូសបញ្ជាក់ថា ការគាំទ្រពីសហរដ្ឋអាមេរិក ដែលរួមមានជំនួយហិរញ្ញវត្ថុ អាវុធ និងការទូតបានជំរុញមេដឹកនាំអ៊ីស្រាអែលឱ្យប្រព្រឹត្តបទឧក្រិដ្ឋបន្ថែមទៀត នៅក្នុងតំបន់ដូចជា Gaza ភាគខាងជើង និងទីក្រុង Rafah ។ លោកក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់ នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើជនជាតិប៉ាឡេស្ទីនដែលលាតសន្ធឹងពីទីក្រុង Rafah នៅភាគខាងត្បូងរហូតដល់ទីក្រុង Jenin ស្ថិតភាគខាងជើងនៃតំបន់ West Bank ។
នៅថ្ងៃដដែល ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន៧នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស អំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Jenin។ បើយោងតាមតួលេខផ្លូវការរបស់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក ជនជាតិប៉ាឡេស្ទីនចំនួន ៥១៣នាក់ត្រូវបានសម្លាប់នៅតំបន់ West Bank ក្នុងនោះ១២៧នាក់នៅទីក្រុង Jenin៕