(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញការពារអ៉ីស្រាអែលពេញទំហឹងនៅថ្ងៃចន្ទ ទី២០ ខែឧសភា ដោយនិយាយថាកងកម្លាំងអ៉ីស្រាអែលមិនមែនកំពុងប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ នៅក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សានោះទេ ដែលនេះជាការច្រានចោលការរិះគន់ពីក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅឯព្រឹត្តិការណ៍ Jewish American Heritage Month រៀបចំឡើងនៅសេតវិមាន លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា មិនមែនជា អំពើប្រល័យពូជសាសន៍នោះទេ។ យើងសូមបដិសេធចំពោះរឿងនេះ»។ លោកបានបន្ថែមថាលោកផ្ទាល់យល់ថាអ៉ីស្រាអែលជាជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាដោយ ក្រុមហាម៉ាសដែលបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង ហើយថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសុវត្ថិភាព និងសន្តិសុខ របស់អ៉ីស្រាអែល គឺមានភាពរឹងមាំជានិច្ច។ «យើងឈរជាមួយអ៉ីស្រាអែលដើម្បីកម្ចាត់មេដឹកនាំហាម៉ាស Yahya Sinwar និងពេជ្ឈឃាដសេសសល់របស់ហាម៉ាស។ យើងចង់ឱ្យហាម៉ាស បរាជ័យ។ យើងកំពុងធ្វើការជាមួយអ៉ីស្រាអែលដើម្បីសម្រេចគោលដៅទាំងនេះ»។ នេះជាការបញ្ជាក់របស់លោក ចូ បៃដិន។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក បៃដិន ធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu រួមទាំងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និងមេដឹកនាំហាម៉ាស លោក Yahya Sinwar និងមេដឹកនាំហាម៉ាស ២នាក់ទៀត ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម៕