(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែល បានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយហៅវាថាជា «ការអាម៉ាស់ជាប្រវត្តិសាស្ត្រ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
គួរជម្រាបថា នៅថ្ងៃចន្ទសប្តាហ៍នេះប្រធានរដ្ឋអាជ្ញានៃតុលាការ ICC លោកKarim Khan បានស្នើឱ្យមានដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ព្រមទាំងមេដឹកនាំជាន់ខ្ពស់របស់ហាម៉ាសចំនួនបីរូបផ្សេងទៀត ពីបទសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងសង្គ្រាមកំពុងបន្តនៅហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានថ្កោលទោសទង្វើនេះដោយបញ្ជាក់ថា ការដាក់ឱ្យមេដឹកនាំអ៊ីស្រាអែលស្មើគ្នាជាមួយនឹង «បិសាចណាស៊ីដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកហាម៉ាស» គឺមិនអាចទទួលយកបានទេ។
លោក Katz បានបរិហារទង្វើនេះថាជាការសម្រេចចិត្តដ៏អាម៉ាស់មួយ ដែលមានន័យថាជាការវាយប្រហារចំមុខលើជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលាលើអ៊ីស្រាអែល ដែលបានបង្កសង្គ្រាមនៅតំបន់ហ្គាហ្សា។
លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា អ៊ីស្រាអែលនឹងបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញា ICC និងចាប់ផ្តើមការជំរុញការទូតប្រឆាំងនឹងវា។ លោក Katz ក៏បានបង្ហាញពីចេតនារបស់លោក ក្នុងការចូលរួមជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសធំៗទូទាំងពិភពលោក ដើម្បីប្រមូលផ្តុំប្រឆាំងប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋអាជ្ញាផងដែរ ដោយលោកថានឹងបញ្ចុះបញ្ចូលពួកគេឱ្យប្រកាសថា ទោះបីជាមានដីកាចាប់ខ្លួនក៏ដោយ ក៏ពួកគេមិនអនុវត្តប្រឆាំងនឹងមេដឹកនាំអ៊ីស្រាអែលនោះទេ៕