(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលគ្រោងនឹងពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្រុង Rafah ឱ្យធំបន្ថែមទៀត បើទោះជាមានមានការព្រមានពីសហរដ្ឋអាមេរិក អំពីការស្លាប់និងរបួសជនស៊ីវិលដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
បន្ទាប់ពីមានការខ្វែងគំនិតជាសាធារណៈជាច្រើនសប្តាហ៍ ជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញប្រតិបត្តិការនៅទីក្រុង Rafah អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលប៉ាឡេស្ទីនជម្លៀសផ្នែកខ្លះនៃទីក្រុង កាលពីថ្ងៃទី០៦ ខែឧសភា ហើយបានចាប់ផ្តើមការលុកលុយជាមួយកងទ័ពថ្មើរជើង និងរថក្រោះ។
លោក Gallant បាននិយាយប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងតំបន់យ៉ាងដូច្នេះ ថា «យើងប្តេជ្ញាពង្រីកប្រតិបត្តិការតាមផ្លូវគោកនៅទីក្រុង Rafah ដល់ទីបញ្ចប់នៃការបោសសម្អាតក្រុមហាម៉ាស់ និងសង្គ្រោះចំណាប់ខ្មាំង»។
អ៊ីស្រាអែលជឿថា ចំណាប់ខ្មាំងរាប់សិបនាក់ដែលក្រុមហាម៉ាស់បានចាប់ ក្នុងអំឡុងពេលការវាយឆ្មក់ឆ្លងព្រំដែននៅថ្ងៃទី ៧ ខែតុលា កំពុងត្រូវបានឃុំខ្លួននៅឡើយក្នុងទីក្រុង Rafah ។ មហាអំណាចលោកខាងលិច និងអេហ្ស៊ីបបានសម្តែងការព្រួយបារម្ភអំពីប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលភៀសខ្លួននៅក្នុងទីក្រុងមួយនេះ ទោះបីជាមានការធានារបស់អ៊ីស្រាអែលអំពីវិធានការមនុស្សធម៌ក៏ដោយ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានប៉ាន់ប្រមាណថា មានមនុស្ស ៨១០,០០០នាក់ហើយ ដែលបានភៀសខ្លួនចេញពីទីក្រុង Rafah ចាប់តាំងពីថ្ងៃទី០៦ ខែឧសភា ដែលអាចតំណាងឱ្យជាងពាក់កណ្តាលនៃចំនួនប្រជាជនក្នុងសម័យសង្គ្រាមរបស់ទីក្រុង៕