Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្នើសុំឱ្យមានដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស់ រួមទាំងលោក Netanyahu ផងដែរ (Viddeo inside)

20-05-2024 19:30

(ហ្គាហ្សា)៖ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បានប្រកាសនៅថ្ងៃចន្ទនេះ លោកកំពុងស្វែងរកការចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស រួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងសង្គ្រាមរយៈពេលប្រាំពីរខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោក Karim Khan បានលើកឡើងថា លោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Yoav Gallant និងមេដឹកនាំក្រុមហាម៉ាស់ ចំនួនបីនាក់ គឺ លោក Yahya Sinwar,លោក Muhammad Deif និងលោក Ismail Haniyeh គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាំងនៅក្នុងតំបន់ហ្គាហ្សា និងនៅអ៊ីស្រាអែល។

ទោះជាយ៉ាងណា សំណើនេះតម្រូវឱ្យមានការអនុម័តដោយក្រុមបុរេជំនុំជម្រះ នៃអង្គចៅក្រុមចំនួនបីរូប ដែលជាធម្មតាចំណាយពេលប្រហែលពីរខែដើម្បីពិនិត្យមើលភស្តុតាង និងសម្រេចថាតើដំណើរការនីតិវិធីអាចដំណើរការទៅមុខឬយ៉ាងណា។

ទោះបីជាអ៊ីស្រាអែលមិនមែនជាសមាជិក ICC ក៏ដោយ បើដីការនេះអាចចេញទៅរួចមែននោះ វានឹងអាចរារាំងការធ្វើដំណើរអន្តរជាតិសម្រាប់មេដឹកនាំអ៊ីស្រាអែល និងបង្កើនភាពឯកោកាន់តែខ្លាំងឡើងសម្រាប់អ៊ីស្រាអែល។

គួរជម្រាបថា បន្ទាប់ពីរយៈពេលខ្លីនៃការគាំទ្រអន្តរជាតិសម្រាប់សង្រ្គាមរបស់ខ្លួន អ៊ីស្រាអែលបានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង នៅពេលដែលសង្រ្គាមនៅតែបន្ត ហើយចំនួនអ្នកស្លាប់បានកើនឡើង។ អ៊ីស្រាអែល​ក៏​កំពុង​ប្រឈម​នឹង​សំណុំរឿង​អាហ្វ្រិក​ខាង​ត្បូង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ដែល​ចោទ​អ៊ីស្រាអែល​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ផងដែរ។

ជម្លោះ​ដែល​បង្កឡើង​ដោយ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជា​ច្រើន​នាក់ និង​វិបត្តិ​មនុស្សធម៌យ៉ាងអាក្រកក់​នៅ​ហ្គាហ្សា ដោយ​ជន​ប៉ាឡេស្ទីន​ជាង ៣៥,០០០នាក់​ត្រូវ​បាន​សម្លាប់ និង​ការ​ផ្លាស់​ទី​លំនៅ​យ៉ាង​ច្រើនសន្ធឹកសន្ធាប់៕