(តេហេរ៉ង់)៖ មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ ដែលទទួលបន្ទុកដឹកនាំកិច្ចចរចាបញ្ហានុយក្លេអ៊ែរ ត្រូវបានតែងតាំងនាថ្ងៃចន្ទនេះ ឱ្យធ្វើជាប្រមុខការទូតស្តីទី បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានបាត់បង់ជីវិត ជាមួយប្រធានាធិបតី ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

ដំណឹងនៃការសម្រេចតែងតាំង លោក Ali Bagheri ដែលកន្លងមកកាន់តួនាទីជា អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នៅក្រោមលោក Amir-Abdollahian គឺត្រូវបានប្រកាសដោយ អ្នកនាំពាក្យរដ្ឋាភិបាលអ៉ីរ៉ង់ លោក Ali Bahadori Jahromi នៅលើទូរទស្សន៍រដ្ឋ។ លោក Amir-Abdollahian បានទទួលមរណភាព ជាមួយប្រធានាធិបតី លោក Ebrahim Raisi នៅពេលឧទ្ធម្ភាគចក្រ ដែលអ្នក​ទាំង២ជិះធ្វើដំណើរ បានធ្លាក់នៅខេត្ត East Azerbaijan។

គួរបញ្ជាក់ថា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រកាសឱ្យមានការកាន់ទុក្ខ សរុបរយៈពេល៥ថ្ងៃ នៅទូទាំងប្រទេស សម្រាប់លោក Raisi ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ បើតាមលោក Khamenei អនុប្រធានាធិបតីអ៉ីរ៉ង់ លោក Mohammad Mokhber នឹងឡើងជាប្រមុខរដ្ឋាភិបាលស្តីទី ហើយលោក Mokhber ក៏ត្រូវធ្វើការជាមួយ ប្រធានស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ ផងដែរ ដើម្បីរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងរយៈពេល៥០ថ្ងៃ ចាប់ពីពេលនេះទៅ៕