(ប៉ារីស)៖ អាជ្ញាធរបារាំង បាននិយាយនៅថ្ងៃចន្ទនេះថា ប៉ូលិសបារាំងប្រមាណ ១,០០០នាក់ បានទៅដល់ដែនដី New Caledonia ហើយស្ថានភាពតាមដងផ្លូវមានភាពស្ងប់ស្ងាត់ ប៉ុន្តែការធ្វើចរាចរណ៍ និងអាកាសយានដ្ឋានត្រូវបានបិទ បណ្តាលឱ្យភ្ញៀវទេសចរត្រូវជាប់គាំង នៅលើកោះក្នុងតំបន់ប៉ាស៉ីហ្វិកមួយនេះ បន្ទាប់ពីកុបកម្មមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ ២០២៤។

Field Action Co-ordination Cel ដែលជាក្រុមសកម្មជនដឹកនាំធ្វើបាតុកម្មលើទឹកដីបារាំងខាងលើ បានប្រកាសបន្តបិទផ្លូវ ប៉ុន្តែទទូចឱ្យបាតុករប្រើវិធីសាស្រ្ត ដោយសន្តិវិធី។ មនុស្សប្រហែល ៣,២០០នាក់កំពុងរង់ចាំដើម្បីចាកចេញ ឬចូលមកកោះ New Caledonia ខណៈដែលជើងហោះហើរពាណិជ្ជកម្មត្រូវបានលុបចោល ដោយសារតែភាពចលាចលផ្ទុះឡើងកាលពីសប្តាហ៍មុន។

មន្រ្តីរដ្ឋាភិបាលកោះ New Caledonia បានឱ្យដឹងថា ការបិទផ្លូវបង្កការលំបាកដល់ សកម្មភាពផ្គត់ផ្គង់អាហារ ទៅកាន់ហាងលក់នានា តាមទីតាំងមួយចំនួន និងការផ្តល់សុវត្ថិភាពសម្រាប់បុគ្គលិកពេទ្យ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល «បញ្ហាមិនមែនជា ការខ្វះខាតបុគ្គលិក ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ឬអាហារនោះទេ ប៉ុន្តែគឺពិបាកក្នុងធ្វើយ៉ាងណា ទើបអាចចូលទៅផ្គត់ផ្គង់បាន»។

គួរបញ្ជាក់ថា ការខឹងសម្បារកើតមានឡើងក្នុងចំណោមជនជាតិភាគតិច Kanak ជុំវិញវិសោធនកម្មរដ្ឋធម្មនុញ្ញអនុម័តដោយបារាំង ដែលនឹងផ្លាស់វិធីសាស្រ្តបោះឆ្នោត ហើយមេដឹកនាំក្នុងតំបន់បារម្ភថា អាចប៉ះពាល់ដល់សន្លឹកឆ្នោតរបស់ពួកគេ។ តាំងពីល្ងាចថ្ងៃអាទិត្យ ប៉ូលិសបានបើកប្រតិបត្តិការ ដើម្បីគ្រប់គ្រងផ្លូវនានាឡើងវិញ ចាប់ពីរដ្ឋធានីនៃកោះគឺ Noumea រហូតដល់អាកាសយានដ្ឋានអន្តរជាតិ ហើយអាចចំណាយពេលច្រើនថ្ងៃ៕